ឈ្មួញកណ្ដាលចាប់ផ្ដើមចុះទិញពោតឡើងវិញ ប៉ុន្តែក្នុងតម្លៃទាប

ថ្មីៗនេះទីផ្សារពោតក្រហមត្រូវបានធ្លាក់ចុះថែមទាំងរកទីផ្សារពុំមានទៀតផង ដោយសារតែសាយឡូជាច្រើនត្រូវបានបិទ ហើយឈ្មួញកណ្ដាលក៏លែងដើរទិញតាមភូមិទៀតដែរ ដែលធ្វើឲ្យកសិករកំពុងប្រមូលផលត្រូវច្រកការ៉ុងគរទុកជាបណ្ដោះអាសន្ន។ ប៉ុន្តែនៅក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ឈ្មួញកណ្ដាលចាប់ផ្ដើមចុះប្រមូលទិញតាមភូមិជាបណ្ដើរៗឡើងវិញ ប៉ុន្តែស្ថិតក្នុងតម្លៃទាប។

លោក សោ សមាគម ជាប្រជាកសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេល ៣ថ្ងៃមកហើយដែលឈ្មួញកណ្ដាល បានចាប់ផ្ដើមចុះប្រមូលទិញពោតក្រហមនេះតាមភូមិឡើងវិញ និងបានតម្លៃត្រឹមតែ ៣៦០រៀល ក្នុង១ គីឡូក្រាម ប៉ុន្តែទោះបីជាតម្លៃនេះទាបស្ទើរតែមិនអាចទទួលយកបានក៏ប្រជាកសិករនាំគ្នាសម្រុកលក់ដោយមិនអាចទុកបន្តទៀតបាន ព្រោះការស្តុកទុកយូរកាន់តែស្ងួតទៅហើយក៏កាន់តែខាតច្រើនថែមទៀតផងដែរ។
លោកបានបន្តថា កាលពីពាក់កណ្ដាលខែកក្កដា បើទោះបីជាព្រំដែនថៃត្រូវបិទទាំងស្រុងដែលទិន្នផលពោតមិនអាចនាំចេញទៅប្រទេសថៃបានយ៉ាងណាក៏ដោយ ក៏មានឈ្មួញកណ្ដាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថាមានប៉ុណ្ណាគេយកប៉ុណ្ណឹង (សម្រាប់ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបកសំបកចេញ គេថ្លឹងយកតែម្ដងដោយកាលណោះបានតម្លៃ ៥០០រៀលក្នុងមួយគីឡូក្រាម។
លុះនៅដើមខែសីហា ឈ្មួញកណ្ដាលឈប់ដើរទិញ ឯសៃឡូធំៗក៏បិទផងដែរ ដែលធ្វើឲ្យពោតប្រជាកសិករដែលកំពុងប្រមូលត្រូវបានស្តុបទុកទាំងអស់ព្រោះគ្មានទីផ្សារ ដោយនៅមុនពេលដែលសៃឡូទាំងអស់ត្រូវបានបិទ គឺឈ្មួញចុះទិញពោតក្រហម (ទាំងស្នូល) ក្នុងតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺធ្លាក់ចុះធ្វើឲ្យកសិករខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលខ្លួនកំពុងសម្រុកប្រមូលផល៕

You might also like