ថៃ កំពុងក្រពុលមុខខ្លាំង ខ្លាចទេសចរបរទេសឈប់ទៅលេង ក្រោយហេតុការណ៍ ដុតជនជាតិម៉ាឡេស៊ី
ក្រោយហេតុការណ៍ដុតជនជាតិម៉ាឡេស៊ីទាំងរស់នៅកណ្តាលក្រុងបាងកក ពេលនេះប្រទេសថៃកំពុងក្រពុលមុខខ្លាំង ខ្លាចធ្លាក់ចុះភ្ញៀវទេសចរបរទេស ដល់ថ្នាក់ក្រសួងទេសចរនិងកីឡាថៃ កាលពីចុងសប្តាហ៍កន្លងទៅ បានចេញមុខ បញ្ចុះបញ្ចូលទេសចរ សូមកុំឈប់មកលេងប្រទេសខ្លួនអី។
ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នាឈ្មោះ Gan Xiao Zhen និង Ong Yik Leong ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ការវាយប្រហារនេះគឺជាបញ្ហាប្រឈមដ៏ធំ ចំពោះវិស័យទេសចរណ៍របស់ថៃ ខណៈប្រទេសនេះកំពុងខិតខំខ្លាំងណាស់ ដើម្បីស្តារឡើងវិញឲ្យដល់កម្រិតមុនវិបត្តិជំងឺកូវីដ១៩។
ជនជាតិចិននិងម៉ាឡេស៊ី ជាទេសចរបរទេសឈានមុខគេដែលទៅលេងប្រទេសថៃ ដូច្នេះហើយ ហេតុការណ៍ទេសចរទាំងពីរនាក់នេះ គឺជាក្តីបារម្ភកំពូលរបស់ថៃ ព្រោះថា ព័ត៌មាននេះបានផ្សព្វផ្សាយទូទាំងពិភពលោក មិនមែនតែនៅក្នុងប្រទេសម៉ាឡេស៊ីឬចិនប៉ុណ្ណោះទេ។
សូម្បីតែមុនហេតុការណ៍ដ៏រន្ធត់នេះ ឪពុករបស់ Xiao Zhen ក៏និយាយដែរថា គាត់មានស្រណុកចិត្តឡើយពេលកូនប្រាប់គាត់ ថាទៅលេងថៃ ព្រោះគាត់ដឹងថា មានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅប្រទេសថៃក្នុងឆ្នាំនេះ។
គាត់ថែមទាំងណែនាំកុំឲ្យកូនស្រីទៅលេងប្រទេសថៃទៀតផង ប៉ុន្តែកូនស្រីរឹងទទឹងថាមិនអី និងធានាថា ខ្លួននឹងមានសុវត្ថិភាព លុះចុងក្រោយទើបនាងក៏ជួបរឿងដ៏រន្ធត់នេះតែម្តង៕