តុលាការធម្មនុញ្ញថៃ នឹងប្រកាសសាលក្រម លើសំណុំរឿងក្រមសីលធម៌របស់នាយករដ្ឋមន្ត្រី ថ្ងៃទី២៩ ខែសីហា
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ បានឲ្យដឹងថា ខ្លួននឹងប្រកាសសាលក្រមរបស់ខ្លួន នៅថ្ងៃទី២៩ ខែសីហា សម្រាប់សំណុំរឿងប្រឆាំងនឹងនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង គឺលោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ជុំវិញការចោទប្រកាន់លើលោកស្រីពីបទរំលោភក្រមសីលធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការបានបញ្ជាក់ថា ស្ថាប័ននឹងកំណត់ពេលបើកសវនាការ សម្រាប់សាក្សី ២រូប ក្នុងនោះរួមមានទាំងលោកស្រី Paetongtarn និងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃទី២១ ខែសីហា។
សេចក្ដីថ្លែងការណ៍ បានបន្ថែមថា អ្នកដាក់ញត្តិ ឬភាគីចុងចោទដែលចង់ដាក់ឯកសារតវ៉ាចុងក្រោយ ត្រូវតែធ្វើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់តុលាការឲ្យបានត្រឹមថ្ងៃទី២៧ ខែសីហា។
កាលពីថ្ងៃទី១ ខែកក្កដា តុលាការបានព្យួរតំណែងរបស់លោកស្រី Paetongtarn បន្ទាប់ពីទទួលយកសំណុំរឿងដែលប្ដឹងដោយសមាជិកព្រឹទ្ធសភាមួយក្រុមដែលស្វែងរកការដកតំណែងរបស់លោកស្រី ដោយចោទប្រកាន់ពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ៕