អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍សម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ប៉ៃលិន៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្តកំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរឆ្លងព្រំដែនត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយក្រុមការងាររបស់រដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរងចាំទទួលទាំងអស់ឱ្យតែជា ជន ជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមាន ឯកសារ គ្រប់គ្រាន់ក៏ដោយ ដោយបានរៀបចំទីតាំងទទួលបងប្អូនពលករ នៅ ក្បែរព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះ អាសន្ន ការហូបចុកការថែទាំព្យាបាលសុខភាព និងជូនដំណើរវិល ត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា នាពេលកន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅ ក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងកំពុងនៅរង់ចាំ ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន