វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយ ស្វែងយល់លើបរិយាកាសវិនិយោគ នៅកម្ពុជា

វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយ កំពុងធ្វើការសិក្សាស្វែងយល់ពីសក្តានុពល លើឱ្យកាវិនិយោគក្នុងវិស័យ ឧស្សាហកម្មដាំឈើ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ (ពីដើមទីដល់ចុងទី) ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចនៅ កម្ពុជាឲ្យកាន់តែប្រសើរ។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្ត អានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបនោះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពី ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោមការឧបត្ថម្ភ គាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។ ឯកឧត្តម ក៏បានជម្រាបជូន អំពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រម ទាំងបានធ្វើការអត្ថាធិប្បាយលម្អិតអំពីរបបលើកទឹកចិត្តវិនិយោគ និងបានគូសបញ្ជាក់អំពីយន្តការកិច្ចសន្ទនា រវាងរដ្ឋនិងវិស័យឯកជន នៃបណ្តាប្រទេសមួយចំនួន ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។
តំណាងគណៈប្រតិភូចិន បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការរង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ ក្នុងនោះចំពោះគោលបំណងដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេសការវិនិយោគក្នុងវិស័យឧស្សាហកម្មដាំឈើ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ ពីដើមទីដល់ចុងទី។
ជាការឆ្លើយតប, ឯកឧត្តម លឹម វិសាល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណង បណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន។ ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជា សម្លៀកបំពាក់) ដែលនេះគឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើម ក្នុងស្រុក ឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ខណៈដែលកម្ពុជានឹងចាកចេញពីក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ ខាងមុខនេះ៕

You might also like