ផ្ទៃដីទំហំ ៣ ៤៣៩គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ — យោងតាមរបាយការណ៍សងេ្ខបសមិទ្ធផលសកម្មភាពមីន ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែកក្កដា ឆ្នាំ២០២៥ រយៈពេល៣៣ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣ ៤៣៩គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៤ភាគរយ និងផ្សេងៗ ១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលជាង ១០លាននាក់។
មីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២៥ កន្លងទៅ ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤។
សូមរំលឹកថា នៅក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបានបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី-ខេត្តចំនួន១៥ ជារាជធានី-ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
កម្ពុជា បានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែត លើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា ក្នុងការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះយើងបានធ្វើការបញ្ជូនកម្លាំង សរុបទាំងអស់បានចំនួន ៩ ១៩៩នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនមានដូចជា៖ ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។ ក្នុងនោះដែរ បេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណរដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ។
អាជ្ញាធរមីនបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរធនធាន ទាំងធនធានជាហិរញ្ញវត្ថុ បច្ចេកទេស និងសម្ភារ។ ជាង៣០ឆ្នាំ មកនេះ អាជ្ញាធរមីន ទទួលបានការគាំទ្រពីម្ចាស់ជំនួយជាង ២០ប្រទេស និងពីស្ថាប័នមួយចំនួនទៀតរួមមាន៖ ប្រទេសសហរដ្ឋអាមេរិក អូស្រ្តាលី អូទ្រីស បែលហ្ស៉ីក កាណាដា ចិន ដាណឺម៉ាក អង់គ្លេស សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី ឥណ្ឌា អៀកឡង់ ជប៉ុន ន័រវេស្ស នូវែលសេឡង់ ហូឡង់ សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ ស៊ុយអែដ អង្គការសហប្រជាជាតិ និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា រួមទាំង អេចឌី អរអ៊ែនឌី មូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។ បច្ចុប្បន្ន អាជ្ញាធរមីននៅតែទទួលបានការបន្តគាំទ្រពីម្ចាស់ជំនួយមួយចំនួនផងដែរដែលជាម្ចាស់ជំនួយលើវិស័យសកម្មភាពមីនបច្ចុប្បន្នរួមមាន៖ សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា អង់គ្លេស អាឡឺម៉ង់ អៀកឡង់ ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋ ប្រជាមានិតចិន ស្វីស កូរ៉េខាងត្បូង UNDP UNICEF HD R & D ជំនួយមនុស្សធម៌ពីមូលនិធិឯកជននានា និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕

You might also like