ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រប្រឡាយ១៥ និងស្ថានីយប៉ូមទឹកស្វ័យប្រវត្តិពុធសរ ស្ថិតក្នុងខេត្តតាកែវ

នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក ឡុង ពិសិដ្ឋ តំណាងលោកជំទាវ Jyotsana Varma នាយិកាប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ព្រមទាំងសហការី ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រប្រឡាយ១៥ សំណង់សិល្បការ្យនានា និងស្ថានីយប៉ូមទឹកស្វ័យប្រវត្តិពុធសរ ដែលបាននិងកំពុងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានគាំទ្រយ៉ាងពេញទំហឹងក្នុងការធ្វើទំនើបកម្មប្រឡាយ១៥ និងប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធ ដែលអាចស្រោចស្រពលើផ្ទៃដីដាំដុះប្រមាណជាង ១០០០០ហិកតា។ ទន្ទឹមនឹងនេះ ប្រជាកសិកក៏អាចបង្កបង្កើនផលដំណាំកសិកម្មរហូតដល់បីដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន សោភ័ណភាព និងគុណភាពការងារនៅតាមបណ្តាការដ្ឋានអនុវត្តគម្រោងនានា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីប្រែក្លាយឱ្យទៅជាតំបន់ប្រើប្រាស់សម្រាប់ពហុបំណង ជាពិសេស ក្លាយជាប្រព័ន្ធស្រោយស្រពគ្រប់ជ្រុងជ្រោយ និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលកសិកម្មរបស់បងប្អូនប្រជាកសិករទៅទីផ្សារ៕

You might also like