ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក
នៅសាលប្រជុំរំដួលនៃទីស្តីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការរៀបចំតាក់តែងនិងធ្វើបច្ចុប្បន្នកម្មច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម(អនុគណៈកម្មការទី២) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក។
សូមជម្រាបថា កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ ទីប្រឹក្សា ក្រុមអ្នកច្បាប់និងមេធាវីប្រចាំក្រសួង នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាច្រើនរូប។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹកជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០២៣ ដែលរៀបចំឡើងដើម្បីផ្ដល់សិទ្ធិស្របច្បាប់ដល់បុគ្គលគ្រប់រូប ក្នុងការប្រើប្រាស់ទឹក និងធនធានទឹក ក្នុងគោលដៅធ្វើអាជីវកម្ម និងការអភិវឌ្ឍន៍វិស័យធនធានទឹក ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្តាប់បាននូវព័ត៌មានទិន្នន័យនៃការប្រើប្រាស់ទឹកច្បាស់លាស់ ងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រង និងបែងចែកទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕