ថៃ បញ្ជូនពេទ្យផ្លូវចិត្តមកពិនិត្យ-ព្យាបាលជំងឺសតិអារម្មណ៍របស់កងទ័ព នៅជួរមុខ
ប្រទេសថៃ បានបញ្ជូនក្រុមគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ត ទៅកាន់សមរភូមិជួរមុខដើម្បីពិនិត្យសតិអារម្មណ៍របស់ទាហានបន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ នាពេលថ្មីៗនេះ។
ជំនួយការអ្នកនាំពាក្យកងទ័ពជើងគោក Kannat Pornipattakul បានឲ្យដឹងកាលពីថ្ងៃទី១៧ ខែសីហាថា លោក Phana Klaewplodthuk ដែលជាអគ្គមេបញ្ជាការកងទ័ពជើងគោក បានចាត់ឲ្យពេទ្យទាហាន ដាក់ពង្រាយក្រុមគ្រូពេទ្យនៅជួរមុខតាមព្រំដែនកម្ពុជា-ថៃ។
ក្រុមគ្រូពេទ្យទាំងនោះ នឹងត្រូវពិនិត្យ-ព្យាបាលជំងឺផ្លូវចិត្តលើទាហាន ដែលមានបញ្ហាសតិអារម្មណ៍ ព្រោះតែពួកគេធុញញថប់នឹងជម្លោះព្រំដែន ហើយពោរពេញដោយភាពភ័យខ្លាច ប៉ះពាល់ដល់ខួរក្បាល។
ការបញ្ជូនក្រុមគ្រូពេទ្យនេះកើតឡើងក្រោយពេល ទាហានដែលមានជំងឺផ្លូវចិត្តនិងធុញថប់អារម្មណ៍ព្រោះតែជម្លោះព្រំដែនកម្ពុជា-ថៃ បានបើកការបាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ រួចធ្វើអត្ថឃាតខ្លូនឯងនៅក្នុងព្រៃ។
ទាហានថៃឈ្មោះ Ratthaphum Thepsiri មកពីកងពលថ្មើរជើងលេខ១៦២៣ បានបើកការបាញ់រះនៅក្នុងស្រុក កាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស។
តាមសម្តីរបស់ឪពុកទាហានរូបនេះ, កូនរបស់គាត់ធ្លាប់ប្រាប់ពីអារម្មណ៍ធុញថប់និងទទូចចង់មកផ្ទះវិញ ព្រោះខានមកលេងផ្ទះ២ខែហើយ ហើយកូនរបស់គាត់មិនដែលនិយាយអ្វី ក្រៅពីនិយាយចង់មកផ្ទះនោះទេ។
ជុំវិញបញ្ហានេះ សូម្បីមេភូមិភាគ២ Boonsin Padklang ក៏អះអាងដែរថា «ក្នុងពេលប្រទេសមានសង្គ្រាម ច្បាស់ជាមានបញ្ហាសតិអារម្មណ៍នៅសមរភូមិជួរមុខហើយ ដូច្នេះមេទ័ពទាំងឡាយ សូមតាមដានបញ្ហាផ្លូវចិត្តកូនទាហានរបស់ខ្លួន»៕






