«សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីជំរុញសន្តិភាព និងត្រួតពិនិត្យបទឈប់បាញ់»
នៅល្ងាចថ្ងៃអង្គារ ទី ១៩ សីហា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានប្ដូរវេនអាស៊ាន អំពីវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលកម្ពុជា និងថៃបានឯកភាពគ្នា កាលពីកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) ថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។



