បេក្ខនារីម្នាក់នៅខេត្តសៀមរាប​​ មិនស្រួលខ្លួន​សន្លប់បាត់ស្មារតីភ្លាមៗ​ ក្នុងពេលប្រឡងវិញ្ញាសាគណិតវិទ្យា នាព្រឹកថ្ងៃទី២នេះ

(សៀមរាប)៖ ក្នុងអំឡុងពេលនៃការប្រឡងវិញ្ញាសាគណិតវិទ្យានាព្រឹកថ្ងៃទី២ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បេក្ខនារីម្នាក់ដែលប្រឡងនៅបន្ទប់លេខ១៦ នាមណ្ឌលវិទ្យាល័យហ៊ុនសែនសៀមរាប បានជួបអាការៈមិនស្រួលខ្លួនរហូតដល់សន្លប់បាត់ស្មារតីភ្លាមៗ។

ឆ្លើយតបនឹងករណីនេះ គណៈមេប្រយោគ អ្នកសង្កេតការណ៍ និងជាពិសេសក្រុមគ្រូពេទ្យប្រចាំការ បានព្រួតដៃគ្នាយ៉ាងស្វាហាប់ ចុះអន្តរាគមន៍ជួយសង្គ្រោះបឋម និងមើលថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។

បើតាមក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ក៏បានជួបបញ្ហាសុខភាពស្រដៀងគ្នានេះដែរ ក្នុងដំណើរសំណេរការប្រឡង។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីធានាបាននូវកម្លាំងកាយចិត្តរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

You might also like