នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុមគ្នា៧នាក់ និងមួយក្រុមទៀត គ្នា១៤នាក់រត់រួច ក្រោយពួកគេប្រយុទ្ធគ្នាតាមផ្លូវ

(ភ្នំពេញ)៖ ក្មេងទំនើង២ក្រុម ប្រដាប់ដោយដំបង និងដុំថ្ម បានបើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នចោមចៅទី១ ធ្វើការឃាត់ខ្លួន បាន១ក្រុមមានគ្នា៧នាក់ ចំណែកឯ១ក្រុមទៀត មានគ្នា១៤នាក់ បានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទី នៅតាមផ្លូវក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនរួមមាន៖
១៖ ឈ្មោះ អឿន ស៊ីអៀង ភេទប្រុស អាយុ១៨ឆ្នាំ
២៖ ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
៣៖ ឈ្មោះ យឺន ផៃរិន ភេទប្រុស អាយុ១៨ឆ្នាំ
៤៖ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ
៥៖ ឈ្មោះ ហ៊ូត គីមហៀង ភេទប្រុស អាយុ១៨ឆ្នាំ
៦៖ ឈ្មោះ អូន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ
៧៖ ឈ្មោះ នៅ រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ។
ក្មេងទំនើង១ក្រុមនេះ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ហើយក្នុងនោះ ៦នាក់មានសារធាតុញៀន អត់តែឈ្មោះ អឿន ស៊ីអៀង ម្នាក់ប៉ុណ្ណោះ ដោយឡែក១ក្រុមទៀត ដែលជាគូទំនាស់មានគ្នា១៤នាក់ ជិះម៉ូតូចំនួន៧គ្រឿង និងបានរត់គេចខ្លួនបាត់ស្រមោលអស់។
នគរបាលដកហូតបានដុំថ្ម១ដុំ ដែលជារបស់ឈ្មោះ អឿន ស៊ីអៀង, ដាវកែច្នៃ១ដើម, ដំបងដែកជ្រុងចំនួនពីរដើម របស់ឈ្មោះ យឺន ផៃរិន និងឈ្មោះ នៅ រ័ត្ន។
នគរបាលបានប្រាប់ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទី កម្លាំងផ្នែកអន្តរាគមន៍នគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ជិះម៉ូតូល្បាតទប់ស្កាត់បទល្មើស។
ពេលជិះទៅដល់ត្រង់ចំណុចកើតហេតុ ក៏ឃើញក្មេងទំនើង២ក្រុមខាងលើ កំពុងដេញគប់ និងដេញវាយគ្នា ទើបនគរបាលដេញឃាត់ខ្លួន បាន០១នាក់ ឈ្មោះ អឿន ស៊ីអៀង រួចនាំយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១។
នគរបាលបានប្រាប់ទៀតថា ក្រោយពីធ្វើការ សាកសួរជនសង្ស័យ ឆ្លើយសារភាពថា មានបក្ខពួកចំនួន៦នាក់ទៀត ចូលរួមធ្វើសកម្មភាពដែរ ទើបនៅវេលាម៉ោង៩ព្រឹកថ្ងៃ ខែ ឆ្នាំដដែល កំលាំងនគរបាលខាងលើ នាំជនសង្ស័យឈ្មោះអឿន ស៊ីអៀង ទៅចង្អុលបង្ហាញ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ទៀត ជាបន្តបន្ទាប់ នៅចំណុចដីវាលក្បែរផ្សារខេម៉ល ស្ថិតក្នុងភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

You might also like