គណបក្សភឿថៃ បដិសេធពាក្យចចាមអារ៉ាម ពីការវិលត្រលប់របស់លោក Prayut
ពាក្យចចាមអារ៉ាមអំពីការវិលមកកាន់ឆាកនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានបដិសេធទាំងស្រុងពីគណបក្សភឿថៃ (Pheu Thai) បន្ទាប់ពីមានការអះអាងថា ពួកគេគ្រោងនឹងតែងតាំងអតីតមេដឹកនាំរដ្ឋប្រហារ និងជាអតីតនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) ជាបេក្ខជនបន្ទាប់របស់បក្ស សម្រាប់តំណែងនាយករដ្ឋមន្ត្រី។
ដោយរិះគន់ថា នេះគឺជាព័ត៌មានក្លែងក្លាយនោះ អគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong (សារ៉ាវង្ស ធៀងថង) បានប្រាប់អ្នកសារព័ត៌មានថា ពាក្យចចាមអារ៉ាមនេះ មិនមានពាក់ព័ន្ធនឹងគណបក្សនោះឡើយ ហើយលោកបានច្រានចោលពីការលើកឡើងណាមួយ អំពីការរួបរួមនយោបាយឡើងវិញជាមួយគណបក្ស Bhumjaithai (ភូមិចៃថៃ) ជាអតីតដៃគូក្នុងរដ្ឋាភិបាលចម្រុះដែលបច្ចុប្បន្នជាបក្សប្រឆាំង។
លោកអគ្គលេខាធិការបក្សរូបនេះ បានបញ្ជាក់ថា៖ «យើងមិនដែលពិចារណាពីលោក Prayut សម្រាប់តួនាទីណាមួយឡើយ។ ព័ត៌មាននេះមិនបានចេញមកពីពួកយើងនោះទេ»។
ផ្ទុយទៅវិញ គណបក្សនេះបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ចំពោះនាយករដ្ឋមន្ត្រីព្យួរតំណែង គឺលោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ដែលជោគវាសនារបស់លោកស្រី នាពេលនេះ ស្ថិតនៅក្នុងការសម្រេចរបស់តុលាការធម្មនុញ្ញ។ តុលាការគ្រោងនឹងបើកសវនាការនៅថ្ងៃទី២៩ ខែសីហា ក្នុងសំណុំរឿងក្រមសីលធម៌របស់លោកស្រី។
គួរបញ្ជាក់ថា លោកស្រី Paetongtarn ត្រូវបានព្យួរពីតួនាទី កាលពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីមានពាក្យបណ្ដឹងពីសមាជិកព្រឹទ្ធសភាមួយក្រុម៕



