អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងជួយរកការងារជូនពលករ ដែលមកពីប្រទេសថៃវិញ
មណ្ឌលគិរី៖ គិតចាប់ពីថ្ងៃទី 24 ខែកក្កដាឆ្នាំ 2025 ដែលមានបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសថៃ ហើយតម្រូវឲ្យ ប្រជាពលរដ្ឋ និងពលករវិលចូលក្នុងប្រទេសកម្ពុជាវិញ ក្នុងនោះប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តមណ្ឌលគិរី បានត្រឡប់មកវិញចំនួន 67 នាក់ដោយមានស្ត្រីចំនួន 28 នាក់។
នៅព្រឹកថ្ងៃទី២២ខែសីហានេះ អ្នកនាំពាក្យមន្ទីរកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីលោកងូក សុវណ្ណ បានឲ្យដើមអំពិលដឹងតាមប្រព័ន្ធតេលេក្រាមថា ចំពោះពលករនិងប្រជាពលរដ្ឋដែលវិលចូលក្នុងខេត្តមណ្ឌលគិរីទាំង 67 នាក់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះឈ្មោះពួកគាត់ ដើម្បីជួយស្វែងរកការងារធ្វើ និងបានការងារធ្វើហើយ ទើបតែបាន 5 នាក់ប៉ុណ្ណោះ។ នៅសល់ចំនួន 62 នាក់ទៀត ត្រូវបានចុះឈ្មោះ ដើម្បីសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងជំរុញឲ្យពួកគាត់ ដែលចង់ធ្វើការងារក្នុងខេត្ត ឬខេត្តជាប់ព្រំដែនបន្តទៀត។អ្នកនាំពាក្យរូបនេះបន្តថាការជួយស្វែងរកការងារឲ្យធ្វើ គឺមិនបានសំដៅ ទៅលើពលករ ឬប្រជាពលរដ្ឋ ដែលវិលមកពីប្រទេសថៃនោះទេ សូម្បីតែ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្រាប់ ឬប្រជាពលរដ្ឋ ដែលមានកូនៗ ក្មួយៗ ដែលបោះបង់ការសិក្សា ហើយទំនេរមិនមានការងារធ្វើ ក៏មន្ទីរ ស្វះស្វែង ជួយរកការងារឲ្យធ្វើផងដែរ។
រៀងរាល់ថ្ងៃមន្ទីរការងារ ក៏បានផ្សព្វផ្សាយ ឲ្យពួកគាត់ មករៀនជំនាញ នៅក្នុងមជ្ឈមណ្ឌលដែលមន្ទីរ បានរៀបចំ រួចជាស្រេចផងដែរ។
ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនពលករដែលចង់បានកាងារធ្វើ ក្រសួងការងារក៏បានចេញនូវយុទ្ធសាស្ត្រ បច្ចេកវិជ្ជាមួយ ពាក់ព័ន្ធ និងលេខទូរសព្ទHOT LINE ដែលមានលេខ 1297 ដោយបងប្អូនគ្រាន់តែ ទំនាក់ទំនងទៅលេខនេះ ដោយឥតគិតថ្លៃ ក្រុមការងារ និងកត់ឈ្មោះ បងប្អូន ហើយជួយស្វែងរកការងារ ឲ្យបងប្អូនធ្វើ តាមចំណេះជំនាញ ដែលបងប្អូន ចង់ធ្វើ ទៀតផង។
អ្នកនាំពាក្យ មន្ទីរការងារខេត្តមណ្ឌលគិរីលោកងូក សុវណ្ណបានបញ្ជាក់បន្ថែមថា ចំពោះ ប្រជាពលរដ្ឋនិងពលករ ដែលនៅសេសសល់ មួយចំនួន គឺបានចុះឈ្មោះស្វែងរកការងារធ្វើហើយ ហើយមួយចំនួនទៀត ខាងមន្ទីរ ពុំអាចទំនាក់ទំនងទៅពួកគាត់បាននិងក៏កំពុងតែស្វះស្វែងតាមរយៈអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងទៅពួកគាត់ ដើម្បីឲ្យពួកគាត់ បានការងារធ្វើគ្រប់ៗគ្នាផងដែរ។
គិតត្រឹមថ្ងៃទី២២ខែសីហានេះ ចំពោះពលករដែលវិលមកពីប្រទេសថៃ មាន ក្រុងសែនមនោរម្យចំនួន 1 នាក់ ស្រុកកោះញែកចំនួន 23 នាក់ ស្រុកពេជ្រាដាចំនួន 16 នាក់ ស្រុកកែវសីមាចំនួន 27 នាក់ ។
សូមបញ្ជាក់ផងដែរថាសហគ្រាស និងគ្រឹះស្ថាន ព្រមទាំងវិស័យឯកជន ចំនួន 7 ក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួន 383 នាក់។ក្នុងនោះរួមមាន ១សុកហ្វីន ខេស៊ីឌី (មណ្ឌលគិរី)
២ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ើរ ១ ខមភេនី លីមីធីត
៣កូវីផាម៉ា (មណ្ឌលគិរី)
៤វីឡា ឌីវេឡុបមេន
៥មេហ្គាហ្វឺស ផ្លេនថេសិន (ខេមបូឌា) អិលធីឌី
៦ហោ សុភី ចម្ការកៅស៊ូ
៧និងវិស័យឯកជនផ្សេងទៀត៕



