សូមទុកចិត្តលើរាជរដ្ឋាភិបាល ៖ គ្មានមួយវិនាទីណាដែលថ្នាក់ដឹកនាំកម្ពុជា ខកខានសកម្មភាពការទូត និងផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធជម្លោះជាមួយថៃឡើយ!
(ភ្នំពេញ)៖ នៅពេលដែលថៃប្រើល្បិច Salami Slicing ដើម្បីរុលទន្ទ្រានយកដីខ្មែរមិនឈប់ឈរនាពេលនេះ កម្ពុជា បានបន្តប្រើប្រាស់ការទូតដ៏សកម្ម និងច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី ១៨១,០៣៥ គីឡូម៉ែត្រក្រឡា ឱ្យបានរឹងមាំ និងគង់វង្ស។ ល្បិចកល Salami Slicing របស់ថៃ មិនអាចបំប្លែងផែនទីកម្ពុជាបានឡើយ!
ទឹកដី ១៨១,០៣៥ គីឡូម៉ែត្រក្រឡា គឺជាសិទ្ធិស្របច្បាប់ដែលពិភពលោកទទួលស្គាល់ ហើយពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីការពារទឹកដីបុព្វបុរសខ្មែរ ឱ្យបានស្ថិតស្ថិរចិរកាល។ សូមទស្សនាអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive៖
ប្រមាណជិតមួយខែមកហើយ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចូលជាធរមាន សេចក្តីសង្ឃឹមសម្រាប់សន្តិភាពតាមបណ្តោយព្រំដែនទាំងពីរប្រទេស បានបង្ហាញសញ្ញាកាន់តែថយចុះជាលំដាប់។ ក្រោមផ្ទៃដ៏ស្ងប់ស្ងាត់នៃកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះ ភាគីថៃបែរជាកំពុងប្រើយុទ្ធសាស្ត្រ Salami Slicing ដោយរុលទន្ទ្រានយកទឹកដីខ្មែរបន្តិចម្តងៗ តាមរយៈសកម្មភាពរំលោភបំពានជាច្រើនដូចជា៖ ការរាយលួសបន្លា, ពង្រាយកង់ឡានចាស់ៗបង្កើតរបាំង ការហ៊ុំព័ទ្ធយកផ្ទះអ្នកស្រុកខ្មែរ, ការដោតទង់ជាតិថៃលើប្រាសាទបុរាណខ្មែរ, ការបាញ់ជំពាមគ្រាប់កូនឃ្លី និងគ្រាប់កូនដែក, ការបញ្ជូនទាហានរបស់ខ្លួនដើរចូលមកក្នុងទឹកដីខ្មែរទាំងបំពាន, ការជីកលេណដ្ឋានថ្មីៗ, ការប្រើសកម្មភាពបោកបញ្ឆោត Perfidy ដោយក្លែងជាទាហានខ្មែរដាក់មីន និងការប្រើសង្គ្រាមព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសាធារណៈមតិជាដើម។
កម្ពុជា នៅក្នុងស្ថានភាពដ៏ស្មុគស្មាញនេះ បានប្តេជ្ញារក្សាភាពអត់ធ្មត់ ដើម្បីបញ្ចៀសការប៉ះទង្គិច និងបានប្រើប្រាស់សកម្មភាពការទូតដ៏សកម្ម ដើម្បីឆ្លើយតបវិញយ៉ាងរឹងមាំ និងបន្តអំពាវនាវទៅសហគមន៍អន្តរជាតិ ឱ្យជួយជម្រុញដល់ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលគន្លឹះនៃការទ្រទ្រង់សន្តិភាព។
បញ្ហាស្នូលនៅទីនេះគឺថា ទោះបីកម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រ «អត់ធ្មត់» ដើម្បីរក្សាសន្តិភាព និងកេរ្តិ៍ឈ្មោះអន្តរជាតិ ប៉ុន្តែថៃ នៅតែបន្តប្រើប្រាស់វិធី «កាត់យកដីបន្តិចម្តងៗ Salami Slicing» ដើម្បីចង់បង្កើតរូបភាពថ្មី នៅលើតំបន់ព្រំដែន។ សកម្មភាពរំលោភបំពានជាច្រើនរួមទាំងការចាប់យកទាហានកម្ពុជា ក្រោយបទឈប់បាញ់គ្នាចូលជាធរមាន និងការបន្តឃុំខ្លួនទាហានខ្មែរ១៨រូប មិនឱ្យវិលត្រឡប់មកជួបជុំសាច់ញាតិនិងក្រុមគ្រួសារ កំពុងបង្ហាញពីយុទ្ធសាស្ត្រដ៏កម្រោលមួយ ដែលចង់កែប្រែផែនទីស្របច្បាប់របស់ខ្មែរ ដែលសហគមន៍អន្តរជាតិ និងពិភពលោកទទួលស្គាល់ជាអន្តរជាតិ និងថែរក្សាទុកនៅអង្គការសហប្រជាជាតិ។ ក្នុងបរិបទនេះពលរដ្ឋខ្មែរ ត្រូវជឿជាក់លើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងប្រើសំណុំឧបករណ៍ច្បាប់អន្តរជាតិ និងការទូតសកម្ម ដើម្បីការពារទឹកដី ១៨១,០៣៥ គីឡូម៉ែត្រក្រឡា ឱ្យបានគង់វង្សមិនឱ្យរបេះបានឡើយ។
* ផែនទីកម្ពុជា ១៨១,០៣៥ គីឡូម៉ែត្រក្រឡា មានសុពលភាពតាមច្បាប់អន្តរជាតិ
ទឹកដីកម្ពុជាទំហំ ១៨១,០៣៥ គីឡូម៉ែត្រក្រឡា គឺជាទឹកដីដែលត្រូវបាន អង្គការសហប្រជាជាតិ (UN) ទទួលស្គាល់ និងតម្កល់ជាឯកសារផ្លូវការមានសុពលភាពច្បាប់ជាអចិន្ត្រៃយ៍។ ផែនទីនេះត្រូវបានប្រើប្រាស់ជាឯកសារសំខាន់ក្នុងកិច្ចសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំនួនពីរដ៏សំខាន់រួចមកនេះផងដែរគឺ៖
១. ការប្រើប្រាស់ក្នុងសាលក្រមឆ្នាំ១៩៦២ ដែលបានកំណត់ច្បាស់ថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិពេញលេញរបស់កម្ពុជា និងថៃត្រូវដកកងទ័ពចេញបន្ទាន់។
២. ការបកស្រាយសាលក្រមឆ្នាំ២០១៣ ដែលតុលាការ ICJ បានបញ្ជាក់ថា ផែនទីដែលកម្ពុជាបានដាក់ស្នើកាលពីឆ្នាំ១៩៦២ គឺមានសុពលភាពត្រឹមត្រូវ ហើយថៃត្រូវគោរពព្រំដែនស្របច្បាប់ តាមផែនទីនេះ។
ភាពសម្គាល់ដ៏សំខាន់មួយទៀតនោះគឺថៃ ខ្លួនឯងបានទទួលស្គាល់ផែនទីស្របច្បាប់របស់កម្ពុជា កាលពីមុន ហើយក៏ធ្លាប់ចាញ់ក្តីនៅ ICJ ពីរដង ជាបន្តបន្ទាប់។ ដូច្នេះតាមច្បាប់អន្តរជាតិ ប្រទេសថៃ មិនមានសិទ្ធិទាមទារទឹកដីកម្ពុជាដោយប្រើផែនទីខុសពីផែនទីដើម ដែលពិភពលោកទទួលស្គាល់ និងថៃ ក៏កាន់តេមិនអាចកែប្រែទំហំទឹកដីកម្ពុជា ១៨១,០៣៥ គម² តាមរយៈការគូរផែនទីជាឯកតោភាគីខុសច្បាប់របស់ខ្លួនបានឡើយ។
ទោះបីថៃព្យាយាមប្រើយុទ្ធសាស្ត្រ Salami Slicing ដោយរុលទន្ទ្រានយកដីខ្មែរបន្តិចម្តងៗក៏ដោយ ថៃក៏មិនអាចបង្កើតស្ថានភាពផ្លូវច្បាប់ថ្មី ឬលេបយកទឹកដីកម្ពុជាបានទេ។ ក្នុងករណីមានការរំលោភបំពានទឹកដី ឬការចង់បំបាត់កម្ពុជាចេញពីផែនទីសកលលោក សហគមន៍អន្តរជាតិ នៅតែអាចចូលអន្តរាគមន៍ជួយកម្ពុជា តាមរយៈតុលាករ ICJ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីការពារសិទ្ធិស្របច្បាប់ និងអធិបតេយ្យភាពជាតិរបស់កម្ពុជាជាដដែល។
ដូច្នេះក្នុងស្ថានការណ៍ដែលថៃកំពុងធ្វើឱ្យមានភាពស្មុគស្មាញបែបនេះ សូមពលរដ្ឋខ្មែរត្រូវរួមសំឡេងតែមួយ និងមានទំនុកចិត្ត លើរាជរដ្ឋាភិបាល ដែលកំពុងប្រើយុទ្ធសាស្ត្រទូតសកម្ម និងច្បាប់អន្តរជាតិ ដើម្បីការពារទឹកដីជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា ឱ្យកាន់តែរឹងមាំនិងមាំមួន។
* ការទូតសកម្មរបស់កម្ពុជា ក្នុងការការពារទឹកដី
មិនមានមួយវិនាទីណា ដែលរាជរដ្ឋាភិបាលខកខានការប្រើប្រាស់សកម្មភាពការទូតរបស់ខ្លួន ដើម្បីទប់ទល់នឹងការឃើញវិធីប្រើប្រាស់យុទ្ធសាស្ត្រ Salami Slicing របស់ប្រទេសថៃឡើយ។ សូម្បីតែ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា ថែមទាំងបានរៀបចំកិច្ចប្រជុំដ៏ធំមួយជាមួយការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេស ដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
លោក ប្រាក់ សុខុន បានលើកឡើងនូវអំពើរំលោភបំពាននានាទាំងឡើយរបស់ភាគីថៃ ប្រាប់មន្ត្រីទូតបរទេស រួមទាំងបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ដល់សព្វថ្ងៃ ដែលសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង។
សកម្មភាពការទូតរបស់កម្ពុជា ដើម្បីទប់ស្កាត់អំពើរំលោភបំពានពីសំណាក់ភាគីថៃ ត្រូវបានគេឃើញធ្វើជាច្រើននៅក្រៅប្រទេស និងក្នុងប្រទេសជាមួយមន្ត្រីតំណាងអនុព័ន្ធយោធាបរទេស និងការនាំតំណាងអនុព័ន្ធយោធាបរទេសនានាទាំងឡាយ ធ្វើទស្សនកិច្ចនៅតាមតំបន់ជម្លោះតាមព្រំប្រទល់ដែនផងទៀត។ អ្វីទាំងនេះគឺជាយុទ្ធសាស្ត្រការទូតសកម្ម របស់កម្ពុជាដើម្បីប្រមូលភស្តុតាង និងបង្ហាញទៅកាន់ សហគមន៍អន្តរជាតិ ជំរុញឱ្យថៃត្រូវគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
* ភាពអត់ធ្មត់ គឺជាយុទ្ធសាស្ត្រដ៏មានអំណាច
ការអត់ធ្មត់របស់កម្ពុជាមិនមែនជាភាពខ្សោយទេ ប៉ុន្តែជាយុទ្ធសាស្ត្ររឹងមាំដើម្បីចៀសវាងសង្គ្រាម។ យុទ្ធសាស្ត្រដ៏រឹងមាំបង្ហាញនូវភាពអត់ធ្មត់នេះ រួមមានការប្រើប្រាស់សម្លេងច្បាប់អន្តរជាតិ ដូចជាតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីធ្វើបណ្តឹងច្បាប់ប្រឆាំងការរំលោភទឹកដី, ការផ្ដល់សំឡេងជាផ្លូវការទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN Security Council ដើម្បីទាមទារបណ្តេញកម្លាំងទាហានថៃចេញពីទឹកដីខ្មែរ, ការគាំទ្រផែនការដាក់ពង្រាយកម្លាំង ASEAN Observation Team ដើម្បីមានភស្តុតាងអន្តរជាតិដ៏ច្បាស់លាស់ និងការពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសដៃគូយុទ្ធសាស្ត្រ ដើម្បីធានាថាកម្ពុជា មានការគាំទ្រពីសហគមន៍អន្តរជាតិ និងបង្ហាញថាកម្ពុជាមិនមែនជាប្រទេសឯកោឡើយ។
ដូច្នេះ ភាពអត់ធ្មត់របស់កម្ពុជា គឺជាការបង្ហាញភាពខ្ជាប់ខ្ជួននៃយុទ្ធសាស្ត្រដ៏រឹងប៉ឹង និងយុទ្ធសាស្ត្រដ៏មានអំណាចនៃការគ្រប់គ្រងស្ថានការណ៍ និងមិនមែនជាការលះបង់អធិបតេយ្យភាពរបស់ជាតិឡើយ។ ភាពអត់ធ្មត់ពេលនេះ គឺជាកម្លាំងសាមគ្គីរបស់ជាតិ ដែលបង្ហាញថាពលរដ្ឋខ្មែរទាំងអស់ ឈរយ៉ាងរឹងមាំនៅក្រោមទង់ជាតិតែមួយ ដើម្បីការពារអធិបតេយ្យភាព និងទឹកដីបុព្វបុរស ដោយមិនឲ្យមានបរទេសណា ឬក្រុមជ្រុលនិយមណាមកបំបែកបំបាក់បានឡើយ។
* យុទ្ធសាស្ត្រ Salami Slicing មិនអាចផ្លាស់ប្តូរផែនទីស្របច្បាប់របស់ខ្មែរបានឡើយ
ល្បិចកល Salami Slicing ជាមួយការដាក់រាយលួសបន្លាលើដីខ្មែរលូចម្តងបន្តិចៗ ការបញ្ជាឱ្យទាហានចូលបំផ្លាញ ឬរុះរើទីសម្គាល់លើដីនៃតំបន់ព្រំដែន ដូចជាចង់ឈូសឆាយតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរ, ការប្រើទាហានចូលមកដោតទង់ជាតិថៃ នៅក្នុងតំបន់ប្រាសាទបុរាណខ្មែរ, ការប្រើសង្គ្រាមព័ត៌មានក្លែងក្លាយ ដើម្បីបញ្ចេញការអះអាងទាមទារថា «ដីនេះជាកម្មសិទ្ធិថៃ» ជាដើមនោះ, វាគឺជាយុទ្ធសាស្ត្រ ដែលភាគីថៃកំពុងប្រើប្រាស់ នាពេលនេះ មក លើទឹកដីកម្ពុជា ដ៏ពិតប្រាកដ ក្នុងបំណងទាញយកអត្ថប្រយោជន៍បន្តិចម្តងៗ បំភ័ន្តសាធារណមតិលើសកលលោក។
ប៉ុន្តែទោះបីជាថៃប្រើយុទ្ធសាស្ត្រនេះក៏ដោយ ក៏ថៃមិនអាចផ្លាស់ប្តូរទំហំទឹកដីកម្ពុជាស្របច្បាប់របស់កម្ពុជាបានឡើយ ព្រោះផែនទីដែលអង្គការសហប្រជាជាតិទទួលស្គាល់ គឺជាផែនទីដែលមានសុពលភាពច្បាប់ជាអចិន្ត្រៃយ៍។ ល្បិចកល Salami Slicing របស់ថៃ មិនអាចបន្លំឬថ្ពិនភ្នែកសហគមន៍អន្តរជាតិបានឡើយ។ ក្នុងបរិបទសម្ពាធនយោបាយ និងយោធាបែបនេះ ការជឿជាក់លើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺមានសារៈសំខាន់បំផុត។ កម្ពុជាកំពុងប្រើ ឧបករណ៍ច្បាប់អន្តរជាតិ, ការទូតសកម្ម និងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ដើម្បីធានាថា ទឹកដី ១៨១,០៣៥ គម² នឹងត្រូវការពារ និងរក្សាទុកយ៉ាងគង់វង្ស។
យោងតាមស្ថានភាព ដែលបង្ហាញទាំងមូលរួចមកនេះ ពលរដ្ឋខ្មែរ ត្រូវរួបរួមសំឡេង និងមានជំនឿជឿជាក់មកលើយុទ្ធសាស្ត្រឆ្មើមរបស់អគ្គមគ្គុទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងទុកចិត្តមកលើរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការកាច់ចង្កូតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងអនុវត្តការទូតសកម្ម, ប្រើប្រាស់ឧបករណ៍ច្បាប់អន្តរជាតិ និងពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយប្រទេសដៃគូ ដើម្បីធានាថា អធិបតេយ្យភាពជាតិ និងទឹកដីបុព្វបុរសទំហំ ១៨១,០៣៥ គម² នឹងត្រូវការពារយ៉ាងគង់វង្ស។ កម្ពុជានឹងមិនអនុញ្ញាតឲ្យមានប្រទេសណា ឬកម្លាំងណាមកបំបែកបំបាក់ ឬកែប្រែសិទ្ធិស្របច្បាប់ ដែលពិភពលោក និងអង្គការសហប្រជាជាតិបានទទួលស្គាល់ឡើយ៕



