ថៃបានប្រើឧបករណ៍បាញ់រលកសំឡេង ! LRAD ដែលថៃប្រើ អាចបង្កផលប៉ះពាល់រយៈពេលវែង, ករណីធ្ងន់ធ្ងរ ធ្វើឲ្យមនុស្ស ថ្លង់មួយជីវិត
កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ថៃបានប្រើឧបករណ៍បាញ់រលកសំឡេង Long Range Acoustic Device (LRAD) ដើម្បីបំបែកពលរដ្ឋខ្មែរ ដែលការពារទឹកដីខ្លួនពីការឈ្លានពានរបស់ថៃ នៅទីតាំងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វាជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌ របស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជាដ៏ស្លូតត្រង់ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។
LRAD អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជាពិសេសនៅពេលដែលវាត្រូវបានប្រើប្រាស់ក្នុងកម្រិតសំឡេងខ្ពស់។
តាមការចុះផ្សាយរបស់ Acentech, ក្នុងករណីធ្ងន់ធ្ងរបំផុត ផលប៉ះពាល់ជាមួយសំឡេងដែលមានកម្រិតខ្ពស់ពីឧបករណ៍ LRAD អាចបណ្តាលឲ្យថ្លង់មួយជីវិត។
សំឡេងដែលមានកម្រិតលើសពី ១២០ ដេស៊ីបែល (dB) អាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់។ មិនត្រឹមប៉ុណ្ណឹង សម្ពាធសំឡេងខ្លាំងអាចបង្កឲ្យមានការឈឺចាប់ភ្លាមៗ ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ចំពោះផ្លូវចិត្តវិញ, សំឡេងដ៏មុតស្រួចនិងខ្លាំងរបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។
ដូច្នេះ ឧបករណ៍ LRAD មិនត្រឹមតែជាឧបករណ៍បំពងសំឡេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។
សរុបមក LRAD មិនត្រឹមតែជាឧបករណ៍បំពងសំឡេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ៕






