រថយន្តមួយគ្រឿងបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ ហេីយបន្តបុកចូលផ្ទះមួយកន្លែងទៀត បណ្តាល ឲ្យម្ចាស់ផ្ទះ រងរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍នេះ នៅ យប់ ថ្ងៃទី២៥ សីហា ឆ្នាំ២០២៥នៅចំណុចផ្លូវ ៥៩៨ កែងផ្លូវ ១៧១៥ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្ត Toyota Prius មួយគ្រឿងបេីកលឿនជ្រុលបុក Honda PCX បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្ត មិនទាន់អស់ល្បឿនជ្រុលបុកចូលផ្ទះលក់ចាប់ហ៊ួយ បណ្តាលឲ្យស្ត្រីជាម្ចាស់ផ្ទះរងរបួសធ្ងន់ ។

មុនពេលកេីតហេតុមានរថយន្តបង្កម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BQ-8449 បើកមកតាមផ្លូវបេតុងលេខ ១៧១៥ ទិសកើតទៅលិច បានបុកចំម៉ូតូម៉ាក Honda PCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1LA-7906 ដែលជិះដោយជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ តឿន ទៀង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិត្រពាំងនាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីបុកម៉ូតូ រថយន្ត បង្កបានបន្តជ្រុលបុកចូលក្នុងផ្ទះចាប់ហ៊ួយ “អាជីង 999” បណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះ ដាឡែន ភេទស្រី អាយុ ៤០ ឆ្នាំ រងរបួសធ្ងន់ត្រង់ចង្កេះ និងត្រូវបានក្រុមសង្គ្រោះសាមុយ នាំទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ។ ហេតុការណ៍នេះក៏បានខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិជាច្រើនក្នុងផ្ទះផងដែរ។
បើតាមប្រភពព័ត៌មាន បុរសបើករថយន្តសង្ស័យស្ថិតក្នុងស្ថានស្រវឹង។ គេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំទៅប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែ២ មុនប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ដើម្បីចាត់ការតាមនិតិវិធី។
ក្រោយហេតុការណ៍ សាច់ញាតិរបស់ជនរងគ្រោះបានមកដល់ និងឲ្យដឹងថា ជនរងគ្រោះទើបតែចូលមកពីស្រុកមករកការងារ មុនពេលជួបគ្រោះថ្នាក់បែបនេះ។សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ រថយន្តបង្កនិងម៉ូតូជនរងគ្រោះដែលត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យ ចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

You might also like