អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋប្រយ័ត្នធ្លាក់ចូលអន្ទាក់របស់ថៃចោទថាមិនគោរពបទឈប់បាញ់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រយ័ត្នចំពោះសកម្មភាព ធ្វើឱ្យថៃចោទថា មិនគោរពបទឈប់បាញ់ ខណៈថ្នាក់ដឹកនាំបានកំពុងខិតខំយកយន្តការច្បាប់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

ថ្លែងក្នុងសន្នីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកថា ឯកឧត្តម សូមកោតសរសើចំពោះប្រជាពលរដ្ឋគ្រប់ទិសទីដែលបានក្រោក ឈរឡើងដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដី ក្រោមស្មារតីសន្តិភាពនិយម ដែលជាអត្តសញ្ញាណ របស់កម្ពុជា។ ទឹកចិត្តស្នេហាជាតិនិងស្មារតី សាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ បានក្លាយជាចលករដ៏ខ្លាំងក្លាដែលគ្មានឥទ្ធិពលអ្វី មកអាចបំបែកបានឡើយ។

ឯកឧត្តម អ្នកនាំពាក្យបានបញ្ជាក់ថា៖” ទន្ទឹមនឹងនេះសូមបងប្អូនយើងរក្សាស្មារតី ឱ្យបាននូវសន្តិភាពនិយម និងអហិង្សា តាមរយៈទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញា ជាងប្រើអារម្មណ៍ ដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់នូវការញុះញង់ បំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ ពីសំណាក់ អមិត្តកម្ពុជា(ថៃ) ពិសេសការប៉ុនប៉ងបំបែក កម្លាំងប្រជាពលរដ្ឋពីរាជរដ្ឋាភិបាល និងពីកងកម្លាំងប្រដាប់អាវុធដែលជាខឿនការពារជាតិដ៏រឹងមាំ”។

ជាមួយគ្នានោះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានលើកឡើងថា ពេលនេះគឺជាការអនុវត្តបទឈប់បាញ់ ហើយកម្ពុជាបានគោរពបានកិច្ចព្រមព្រៀងបានយ៉ាងល្អ ដែលចាត់ទុកថាជាភាពខ្លាំងរបស់កម្ពុជានៅលើសមរភូមិ ដែលត្រូវថែរក្សាឱ្យបាន។ ដើម្បីបំផ្លាញដែលកម្ពុជាទទួលបាន នៅពេលនេះថៃបានញុះញង់គ្រប់រូបភាព ដោយបានរៀបចំឡើងដើម្បីឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ដោយឈានដល់ការប្រព្រឹត្តិអំពើណាមួយដែលប្រើកំហឹងទល់នឹងកំហល់ ដែលគេអាចប្រើជាលេសក្នុងការចោទប្រកាន់ថាកម្ពុជាអ្នកវាប្រហារមុន។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា៖”នេះជាអន្ទាក់ដល់គ្រោះថ្នាក់ដែលបងប្អូនយើងគប្បីប្រុងប្រយ័ត្នខ្ពស់ ។ សូមបងប្អូនចងចាំបទឈប់បាញ់នេះជាការផ្តួចផ្តើម របស់ប្រធានាធិបតីអាម៉េរិក ដោយចូលរួមយ៉ាងសកម្មពីចិន និងយកចិត្តទុកដាក់ពីម៉ាឡេស៊ី “៕

You might also like