ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសិក្សាសមិទ្ធិលទ្ធភាពគម្រោងថ្មីដំណាក់កាលទី១ នៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធរំដោះទឹកក្នុងប្រទេសកម្ពុជា

នាថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសិក្សាសមិទ្ធិលទ្ធភាពគម្រោងថ្មីដំណាក់កាលទី១របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(JICA) មកពីទីក្រុងតូក្យូ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរំដោះទឹកក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំព្រះរាជាណាកម្ពុជា ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំ តំណាងក្រុមការងារ លោក HIROTA Kousuke បានបង្ហាញពីលទ្ធផលការងារដែលសម្រេចបាននៅជំហានទី១ ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រខ្ពបត្របែក និងទំនប់លោក ស្ថិតក្នុងខេត្តតាកែវ និងប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ហើយបានស្នើសុំទិន្នន័យ និងព័ត៌មានបន្ថែម ព្រមទាំងកិច្ចសហការ និងសម្របសម្រួលពីក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការសិក្សាជំហានទី២ នៅខែកញ្ញា ខាងមុខនេះ៕

You might also like