រយៈពេល ៧ថ្ងៃ ក្មេងទំនើង និងជនងប់ល្បែងប្រមាណ ១០០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ

គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប ២០ករណី ឃាត់ខ្លួនមនុស្ស៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៣ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន៩នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ដថា ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ចំណែកអ្នកប្រព្រឹត្តល្បែងទាំង៩នាក់ មាន៣នាក់ ក៏ត្រូវបញ្ចូនទៅតុលាការ និង៦នាក់ទៀត ត្រូវសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបានរយៈពេល៧ថ្ងៃនោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ បាត់ដំបង សៀមរាប ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ បើតាមលោក ទូច សុឃៈ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយគ្មានដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង៕

You might also like