លោក Xi នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin និងលោក Modi ខណៈចិនបង្ហាញពីសាមគ្គីភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង
ប្រធានាធិបតីចិនលោក Xi Jinping គ្រោងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំពិភពលោកជាង២០ ក្នុងវេទិកាសន្តិសុខថ្នាក់តំបន់កម្រិតខ្ពស់នៅទីក្រុង Tianjin ចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា ក្នុងបំណងបង្ហាញពីការរួបរួមក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីដែលរងទណ្ឌកម្មស្របពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងក្លាយជាការជួបជុំដ៏ធំបំផុតចាប់តាំងពីប្លុកនេះបង្កើតឡើងក្នុងឆ្នាំ២០២១ ។ មេដឹកនាំមកពីអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ត្រូវបានអញ្ជើញ ដោយមានប្រធានាធិបតីរុស្ស៊ី Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងចំណោមមេដឹកនាំចូលរួមលេចធ្លោជាងគេ។
ព្រឹត្តិការណ៍នេះ កើតឡើងចំពេលនៃលំហូរភូមិសាស្ត្រនយោបាយយ៉ាងស៊ីជម្រៅ និងការផ្លាស់ប្តូរសម្ព័ន្ធភាព ខណៈប្រទេសនានាព្យាយាមសម្របខ្លួនរវាងសម្ពាធដែលដឹកនាំដោយសហរដ្ឋអាមេរិក និងការពង្រីកឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
មួយក្នុងចំណោមពេលវេលាដ៏សំខាន់ជាច្រើននៃកិច្ចប្រជុំកំពូលនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Modi ទៅកាន់ប្រទេសចិនក្នុងរយៈពេលជាងប្រាំពីរឆ្នាំ។ មេដឹកនាំឥណ្ឌាត្រូវគេរំពឹងថានឹងជួបលោក Xi នៅក្រៅកិច្ចប្រជុំ ដើម្បីផ្សះផ្សាភាពផុយស្រួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០។
លោក Modi បានបង្ហាញខ្លួនចុងក្រោយនៅលើវេទិកាតែមួយជាមួយលោក Xi និងលោក Putin ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៤ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ ចាប់តាំងពីពេលនោះមក ឥណ្ឌាបានប្រឈមនឹងសម្ពាធពន្ធជាថ្មីពីរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក Donald Trump ខណៈការស្វែងរកស្ថិរភាពទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ប្រឈមនឹងការប្រកួតប្រជែងក្នុងតំបន់កាន់តែខ្លាំង។ ហើយការដំឡើងពន្ធ៥០%លើឥណ្ឌា ពីសំណាក់អាមេរិក បានចូលជាធរមានកាលពីថ្ងៃទី២៧សីហាសប្ដាហ៍នេះ ៕



