មេដឹកនាំកូរ៉េខាងជើង ទៅត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺន ដោយជំរុញឱ្យពង្រឹងកងកម្លាំងប្រតិបត្តិការពិសេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៨ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅត្រួតពិនិត្យអង្គភាពអ្នកលបបាញ់ និងកងកម្លាំងប្រតិបត្តិការពិសេសនៅមូលដ្ឋានហ្វឹកហ្វឺន ដោយសង្កត់ធ្ងន់ថា ការពង្រឹងកងកម្លាំងប្រតិបត្តិការពិសេសបែបនេះគឺជា “អាទិភាពចម្បង” នៅក្នុងការត្រៀមលក្ខណៈធ្វើសង្រ្គាមរបស់យោធា។
ទីភ្នាក់ងារសារព័ត៌មាន KCNA និយាយថា លោក គីម បានពិនិត្យមូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការពិសេស ក្រោមអគ្គសេនាធិការយោធាកាលពីថ្ងៃពុធ ហើយបានទៅមើលការហ្វឹកហ្វឺនរបស់អង្គភាពយោធា រួមទាំងមធ្យោបាយប្រើប្រាស់សព្វាវុធ និងការហ្វឹកហ្វឺនផ្ទាល់របស់ពួកគេផងដែរ។
លោក គីម បានពណ៌នាអ្នកលបបាញ់ថាជាកងកម្លាំងពិសេសជ្រើសរើសដោយដៃ ដែលត្រូវចាត់តាំងក្នុងបេសកកម្មសំខាន់ៗ និងបណ្តុះបណ្តាលដើម្បីអនុវត្តសកម្មភាពយោធាឯករាជ្យ និងស្វយ័ត ដោយនិយាយថា ការជំរុញឱ្យកាន់តែខ្លាំងឡើងនូវប្រតិបត្តិការពិសេស និងសមត្ថភាពអ្នកលបបាញ់ស្ទាត់ជំនាញ គឺជា “កិច្ចការដ៏សំខាន់” ក្នុងការកសាងយោធារបស់ប្រទេស។
របាយការណ៍របស់ KCNA នេះបានចេញផ្សាយនៅថ្ងៃចុងក្រោយនៃសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឈ្មោះ Ulchi ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា មក។ កូរ៉េខាងជើងបានចេញការរិះគន់ម្ដងហើយម្ដងទៀតចំពោះសមយុទ្ធយោធាបែបនេះ ហើយក៏តែងអនុវត្តការសាកល្បងសព្វាវុធជាការឆ្លើយតប៕

You might also like