បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបាន ២នាក់ តែមេក្លោងគេចខ្លួនបាត់
ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះទុកចោលមួយកន្លែង។ ក្នុងប្រតិបត្តិការនេះ មេក្លោងបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
ជនសង្ស័យដែលឃាត់ ខ្លួនបានមានឈ្មោះ វឿន សុខណា ភេទប្រុស អាយុ២២ ឆ្នាំ ដែលជាអ្នកជួញដូរ និងឈ្មោះ រិន ពេជ្រសង្វា (ហៅប្លោក) ភេទប្រុស អាយុ១៨ឆ្នាំ ដែលជាអ្នកប្រើប្រាស់។ ចំណែកជនសង្ស័យមេក្លោងឈ្មោះចាស់ ភេទប្រុស អាយុ ប្រហែល ៤១ឆ្នាំបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,១២ក្រាម, ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋករណីជួញដូរគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានចុះទៅដល់ទីតាំងភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាង លើ។ ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូច។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វឿន សុខណា បានសារភាពថា ថ្នាំញៀននេះគឺជារបស់ឈ្មោះ ចាស់ ដែលបានឲ្យខ្លួនទុកប្រើប្រាស់ និងលក់បន្តចំនួន ៥ដងមកហើយ។ ចំណែកជនសង្ស័យឈ្មោះ រិន ពេជ្រសង្វា សារភាពថាខ្លួនបានមកទិញថ្នាំញៀនពីឈ្មោះ ចាស់ ក្នុងតម្លៃ ១០.០០០រៀល។
ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






