ក្រុមមេដឹកនាំអឺរ៉ុប ខឹងសម្បារខ្លាំងក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស២៣នាក់ និងខូចខាតទីស្នាក់ការរបស់សហភាពអឺរ៉ុប
ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញការខឹងសម្បារចំពោះការវាយលុករបស់រុស្ស៊ីលើទីក្រុង Kyiv ចាប់តាំងពីខែកក្កដា ដែលបានធ្វើឱ្យខូចខាតការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែនផងដែរ។
មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៣នាក់ រួមទាំងកុមារ ៤នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកនេះ។
អគារលំនៅដ្ឋានកម្ពស់ប្រាំជាន់ត្រូវបានបំផ្លាញ ហើយទីស្នាក់ការបេសកកម្មរបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាអង់គ្លេសនៅក្បែរនោះត្រូវបានខូចខាត។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ លោកស្រី von der Leyen បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារជិតបេសកកម្មការទូតរបស់សហភាពអឺរ៉ុប ក្នុងនោះមីស៊ីលចំនួន២គ្រាប់បានវាយប្រហារក្នុងចម្ងាយ ៥០ ម៉ែត្រពីទីស្នាក់ការគណៈប្រតិភូក្នុងរយៈពេល ២០ វិនាទី។
កងកម្លាំងអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបាញ់យានដ្រូនជិត៦០០ គ្រឿង និងមីស៊ីលអន្តរទ្វីបជាង ៣០គ្រាប់ ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីរបស់អ៊ុយក្រែនក្នុងខែនេះ៕






