Phumtham ៖ បើថៃ ចង់សង់របងព្រំដែន ត្រូវកំណត់ខ័ណ្ឌសីមាជាមួយកម្ពុជា ឲ្យដាច់ស្រេចសិន

ឆ្លើយតបសំណួរអ្នកកាសែតអំពីផែនការសង់របងព្រំដែននៅខេត្តស្រះកែវ នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai បានបញ្ជាក់យ៉ាងច្បាស់ថា ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ លោក Phumtham ទទួលស្គាល់ថា ការសង់របងនេះពិតជានឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដូច្នេះថៃត្រូវមានការពិភាក្សានិងបញ្ជាក់ឲ្យច្បាស់សិនជាមួយកម្ពុជា ទើបអាចសង់របងបាន។
គំនិតនៃការសង់របងសីមានេះគឺកើតចេញពីមេបញ្ជាការកងកម្លាំងការពារជាតិ Songwit Noonpakdee បន្ទាប់ពីថៃបង្កភាពតានតឹងនៅព្រំដែនមិនចេះចប់ ជាពិសេសការដាក់បន្លាលួស ព័ទ្ធយកដីខ្មែរតែម្តង។
ប្រទេសថៃ បានធ្វើទង្វើយ៉ាងគឃ្លើនដោយដាក់បន្លាព័ទ្ធផ្ទះពលរដ្ឋខ្មែររួចទៅហើយ ហើយកន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែរ។
គណៈកម្មការ JBC របស់កម្ពុជា ចាត់ទុកទង្វើនេះថាជាសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ ហើយជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។
សកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC៕

You might also like