អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្នើឲ្យថៃ គោរពស្មារតីនៃកិច្ចព្រមព្រៀងទាំងឡាយដូចកម្ពុជាដែរ
អ្ននាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យថៃត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត នៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBC កម្រិតយោធភូមិភាគនៃប្រទេសទាំងពីរ។
តាមរយៈសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។
លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ភាគីថៃត្រូវគោរពនូវរាល់ការឯកភាពគ្នាទាំងឡាយជា មួយកម្ពុជា ទាំងកិច្ចជំនួបរវាងរាជរដ្ឋាភិបាល កិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងកិច្ចជំនួបកម្រិតថ្នាក់ យោធភូមិភាគ «ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្ត សំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នា ដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព សាមគ្គីភាព និងប្រ សិនបើមានបញ្ហាអ្វីត្រូវដោះស្រាយរួមគ្នាតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះកម្ពុជាសូមស្នើឲ្យភាគី ថៃអនុវត្តដូចគ្នានូវស្មារតីនេះ…»។
ជាមួយគ្នានេះដែរ លោកជំទាវ ម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃជាថ្មីម្តងទៀតថា កម្ពុជានៅតែ ប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម៕



