ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗថា «កម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូរបែប»
ភ្នំពេញ៖ នៅពេលនិយាយដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាមួយថៃ ពលរដ្ឋមួយចំនួនធំអាចនឹកគិតពីបញ្ហាដែលថៃចោទកម្ពុជា ដោយលើកឡើងទាំងឥតអៀនខ្មាសម្ដងហើយម្ដងទៀតថា «កម្ពុជា..ជាអ្នកលួចចម្លងវប្បធម៌របស់ខ្លួន និងកើតក្រោយថៃ»។ ប៉ុន្តែអ្វីដែលជាការពិត បានចារលើប្រវត្តិសាស្ត្ររួចអស់ហើយជាក់ស្តែង សូម្បីតែប្រធានាធិបតីអាម៉េរិកដែលមានអំណាចធំជាងគេមួយលើពិភពលោក ក៏បញ្ជាក់ច្បាស់ៗដែរថា «កម្ពុជាមានវប្បធម៌ដ៏យូរលង់»។
ក្នុងលិខិតថ្លែងអំណរគុណជូន សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការស្នើពានរង្វាន់ណូបែលសន្តិភាពពិភពលោក ជូន លោក ដូណាល់ ត្រាំ ប្រធានាធិបតីដ៏មានឥទ្ធិពលបំផុតរូបនេះ បានលើកយកវប្បធម៌ អរិយធម៌កម្ពុជាមករំលេចឱ្យពិភពលោកបានដឹង តាមរយៈសមណេរក្នុងលិខិតបញ្ជាក់ថា៖«ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូរបែប»។
តាមរយៈសំណេរនេះ លោក ដូណាល់ ត្រាំ ហាក់បានទះកំភ្លៀងថៃដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយដៃឱ្យស្វាងពីការវង្វេងប្រវត្តិសាស្ត្រ។ សារនេះក៏បានបង្ហាញផងដែរថា ពិភពលោកដឹងយ៉ាងច្បាស់ពី កម្ពុជា ដែលជាប្រទេសមានវប្បធម៌ អរិយធម៌តាំងពីបុរាណកាល បើធៀបទៅនឹងវប្បធម៌របស់ថៃ កើតមានឡើងត្រឹមដើមសតវត្សរ៍ទី១៣ប៉ុណ្ណោះ ពោលគឺបន្ទាប់ពីមហានគរចុះទន់ខ្សោយ (ឈ្មោះប្រទេសកម្ពុជាសម័យនោះ) ក្រោយមានជម្លោះផ្ទៃក្នុង។
អ្វីដែលគួរឱ្យអស់សំណើចបំផុតនោះ គឺថៃបានកាឡៃប្រវត្តិសាស្ត្រ ហើយបែរជាចោទកម្ពុជា និងព្យាយាមប្រាប់កូនចៅថៃជំនាន់ក្រោយ និងពិភពលោកថា៖«កម្ពុជាជាអ្នកចម្លងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ សម្លៀកបំពាក់ អក្សរសាស្ត្រ និងភាសារបស់ខ្លួនទៅវិញ»។ អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង បានលើកចំណុច២ បង្ហាញថា កម្ពុជាមានវប្បធម៌ប្រពៃណីរបស់ខ្លួនតាំងពីបុរាណ ដែលមិនមានអ្វីពាក់ព័ន្ធនឹងថៃទាល់តែសោះ។ ទី១.ទឹកដីកម្ពុជាកើតឡើងមុនថៃ ខណៈថៃគ្រាន់ជាកុលសម្ព័ន្ធមួយមានដើមកំណើតពីប្រទេសចិន ក្រោយមកបានធ្វើចំណាកស្រុកមកដល់ដែនដីចក្រភពខ្មែរ ហើយបានវាយដណ្តើមកាន់កាប់ពីខ្មែរម្ចាស់ស្រុក និងប្រកាសឯករាជ្យនៅសតវត្សរ៍ទី១៣។
លោកពន្យល់យ៉ាងដូច្នេះថា៖«បើយើងមើលតាំងពីយូរមកហើយ យើងលើកថា ខ្មែរទៅចម្លងថៃអ្វីនោះ គឺមិនមានទេ ក្នុងប្រវត្តិសាស្ត្រច្បាស់ណាស់ថា «ថៃ»ទើបតែកើតឡើង នៅសតវត្ស រ៍ទី១៣ទេ ដែលជារដ្ឋឯករាជ្យ ហើយកាលពីមុនគ្រាន់តែជាកុលសម្ព័ន្ធមួយជាដើម។ អ៊ីចឹង..កន្លែងហ្នឹង ! ប្រជាពលរដ្ឋថៃត្រូវតែហ៊ានទទួលស្គាល់ការពិត»។ មួយវិញទៀត សូម្បីតែសិលាចារឹកនៅតាមប្រាសាទបុរាណនានា ក៏បានឆ្លាក់ពីសម្លៀកបំពាក់ ភាសា របាំ ដែលសុទ្ធសឹងតែបានបង្ហាញថា មានដើមកំណើតនៅកម្ពុជាទាំងអស់។ ក្នុងន័យនេះ លោកបញ្ជាក់ថា ថៃទៅវិញទេដែលទទួលឥទ្ធិពល និងចម្លងវប្បធម៌កម្ពុជា រួមមាន៖ ការសាក់យន្ត គឺចេញពីភាសាខ្មែរទាំងអស់ ភាសា និងចម្រៀងនៅក្នុងរាជវាំងរបស់ថៃ មានទម្រង់ជាភាសាខ្មែរច្រើន ហើយសូម្បីតែភាសាថៃដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ក៏ទទួលឥទ្ធិពលពីខ្មែរដែរ គ្រាន់តែដូរសូរសៀងបន្តិចបន្តួចប៉ុណ្ណោះ។
ចំណុចទី២.ការនិយាយបំភ្លៃ និងការព្យាយាមកែប្រែប្រវត្តិសាស្ត្រ ពីសំណាក់អ្នកប្រវត្តិសាស្ត្រថៃ គឺជាមូលហេតុមួយទៀតដែលលោកយល់ថា ជាការជំរុញឱ្យពលរដ្ឋថៃមួយចំនួនបន្តយល់ច្រឡំថា កម្ពុជាជាអ្នកចម្លងវប្បធម៌ខ្លួន។ លោកបានលើកឧទាហរណ៍ជាក់ស្តែង ដែលអ្នកប្រវត្តិសាស្ត្រថៃបានកែប្រែប្រវត្តិសាស្ត្រ ក្នុងនោះ មុនសម័យអាណានិគមបារាំង អ្នកប្រវត្តិសាស្ត្រថៃបានសរសេរថា កម្ពុជាឈ្លានពានទឹកដីថៃ ទាំងដែលថៃខ្លួនឯងទេជាអ្នកធ្វើ។
លោកគូសបញ្ជាក់ថា៖«អ្នកប្រវត្តិសាស្ត្រថៃ បានសរសេរប្រវត្តិសាស្ត្រកាឡៃ យើងឃើញហើយឧទាហរណ៍មុនសម័យបារាំង ថៃបានចូលមកឈ្លានពានយកខេត្តយើងដូចជា៖ បាត់ដំបង សៀមរាប សិរីសោភ័ណ មកគ្រប់គ្រងរង្វង់រយៈពេល៤ឆ្នាំ អ៊ីចឹង..កាលណាគ្រប់គ្រងហើយ គាត់ទៅវិញ ដល់ពេលបារាំងចូលមក បារាំងក៏ទាមទារខេត្តទាំងអស់មកឱ្យយើងវិញ ហើយអ្នកប្រវត្តិសាស្ត្រថៃ បែរជាសរសេរថា ខេត្តទាំងអស់ហ្នឹងជារបស់ថៃ! អ៊ីចឹង..គឺដោយសារការសរសេរប្រវត្តិសាស្ត្រមួយកំណាត់ មិនសរសេរប្រវត្តិសាស្ត្រខ្លួនឯងចូលមកឈ្លានពានទឹកដីគេទេ»។
ផែនទីដែលថៃ បង្ហាញមហិច្ឆរាឈ្លានពានទឹកដីកម្ពុជានូវខេត្តភាគខាងលិចមួយចំនួន ព្រោះតែការសរសេរប្រវត្តិសាស្ត្រខុសពីការពិត លោកចាត់ទុកទង្វើបែបនេះ ធ្វើឱ្យពលរដ្ឋថៃនៅវិលវល់ជាមួយប្រវត្តិសាស្ត្រក្លែងក្លាយរបស់ខ្លួនជាមួយកម្ពុជា។ ហេតុនេះ លោកថា ដំណោះស្រាយដែលអាចធ្វើទៅបាន គឹថៃត្រូវតែទទួលយកការពិត ហើយអ្នកជំនាញវប្បធម៌ថៃ និងប្រវត្តិសាស្ត្រថៃ គួរកុំព្យាយាមបំភ្លៃការពិត ធ្វើឱ្យពលរដ្ឋខ្លួនកាន់តែភាន់ច្រឡំ។ គួរបញ្ជាក់ថា ទាក់ទងទៅនឹងការចម្លងវប្បធម៌ប្រពៃណីទំនៀមទម្លាប់នេះដែរ ថៃបានចោទកម្ពុជាមិនតិចដងទេ ដោយករណីធំមួយទាក់ទងទៅនឹងសម្លៀកបំពាក់ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ប្រជាជនថៃបានផ្ទុះការតវ៉ាឡាំប៉ា និងជជែកដេញដោលគ្នាយ៉ាងក្ដៅគគុក បន្ទាប់ពីកម្ពុជាបានដាក់ស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរទៅអង្គការយូណេស្កូ សម្រាប់ការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី។
កាលនោះក្រុមជាតិនិយមជ្រុលថៃ បាននិយាយថា ឈុតអាពាហ៍ពិពាហ៍ដែលកម្ពុជាបញ្ជូនទៅយូណេស្កូ ស្រដៀងនឹងសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ដែលថៃយល់ថាកម្ពុជាជាអ្នកចម្លង។ យ៉ាងណា តាមរយៈការចោទប្រកាន់កន្លងមក ថៃប្រហែលជាមិនបានដឹងច្បាស់ពីប្រទេសខ្លួននោះទេ ថា តើនរណាជាអ្នកចម្លងនរណាឱ្យពិតប្រាកដ? កាលពីពេលកន្លងទៅ ថៃបានយកស្នាដៃអក្សរសិល្ប៍របស់ខ្លួនចុះបញ្ជីបេតិកភណ្ឌពិភពលោកអរូបី ដោយសម្អាងថា ស្នាដៃអក្សរសិល្ប៍ទាំងនោះ ដើមឡើយនិពន្ធដោយអ្នកនិពន្ធជនជាតិថៃ និងជាប្រវត្តិសាស្ត្រដែលចងភ្ជាប់ជាមួយរាជវង្ស និងបេតិកភណ្ឌវប្បធម៌របស់ប្រទេសថៃ ត្រូវបានចុះបញ្ជីក្រោមចំណងជើងថា “បេតិកភណ្ឌវប្បធម៌កម្ពុជា” ដើម្បីគាំទ្រដល់ការសម្ដែងរបាំព្រះរាជទ្រព្យរបស់ប្រទេស។
ករណីធំមួយទៀត គឺការសាងសង់សំណង់ប្រាសាទមួយនៅខេត្តបុរីរម្យ ប្រទេសថៃ មានឈ្មោះថា សីហនគរ (สีหนคร) ដែលមានរូបរាងដូចទៅនឹងប្រាសាទអង្គរ ហើយត្រូវបានពលរដ្ឋខ្មែររិះគន់ថា បានលួចចម្លងប្លង់មេប្រាសាទអង្គរវត្តរបស់កម្ពុជា ព្រមទាំងបានធ្វើការតវ៉ាយ៉ាងខ្លាំងផងដែរ។ តើនេះឬដែលថាកម្ពុជាជាអ្នកចម្លង? ករណីនេះ ក្រសួងវប្បធម៌កម្ពុជាកាលពីកន្លងមក បានវាយតម្លៃថា ថៃបានចម្លងប្លង់ពីប្រាសាទអង្គរវត្តកម្ពុជា ដែលរំលោភទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។ មិនមែនមានតែប្រាសាទប៉ុណ្ណោះទេ ថៃក៏ធ្លាប់ចោទប្រកាន់ថា កម្ពុជាយកស្នាដៃសិល្បៈអក្សរសិល្ប៍របស់ខ្លួន ចុះជាបេតិកភណ្ឌរបស់កម្ពុជាផងដែរ៕






