ដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានតំបន់អាស៊ី ប្រមូលបាននូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា និងថៃ
សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី១ របស់ក្រុមអ្នកសារព័ត៌មានតំបន់អាស៊ី គឺចេញពីខេត្តសៀមរាប ដើម្បីឆ្ពោះទៅកាន់ជំរុំភៀសសឹក នៅវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ ក្នុងនោះអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា បានពិនិត្យឃើញស្ថានភាពពរស់នៅប្រចាំថ្ងៃរបស់ជនភៀសសឹក និងធ្វើបទសម្ភាសន៍ជាមួយអាជ្ញាធរខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីប្រមូលនូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ដោយរាប់បញ្ចូលគ្រប់ដំណាក់កាលនៃជម្លោះគិតចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ផ្សព្វផ្សាយជូនពិភពលោកបានដឹង។ កម្ពុជា ត្រូវបានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានលាភពណ៌ ខុសពីការពិតទាំងស្រុងនៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដោយបានធ្វើការចោទប្រកាន់នានាថាកងទ័ពកម្ពុជា ថាជាអ្នកបង្កជម្លោះមុនភាគីថៃ ជាដើម។ ប៉ុន្តែតាមរយៈការចុះមកយកព័ត៌មានជាក់ស្តែងរបស់អ្នកសារព័ត៌មានបរទេស គឺសរបញ្ជាក់ព្រមទាំងបង្ហាញការពិតថាកម្ពុជា ជាជនរងគ្រោះដោយសកម្មភាពរំលោភបំពាន ទង្វើអមនុស្សធម៌របស់ថៃ។
សម្រាប់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់អ្នកសារព័ត៌មានតំបន់អាស៊ី ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មាន បានចុះពិនិត្យជាក់ស្តែងនូវកន្លែងគ្រាប់ផ្លោងដែលប្រើប្រាស់ដោយកងទ័ពថៃ មកលើទីតាំងស៊ីវិល រួមមាន៖ នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីតាំងដែលរងគ្រោះដោយសារគ្រាបផ្លោងប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋ ជនស៊ីវិល ស្ថានីយប្រេងឥន្ធនៈ។ ខណៈនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល វិញ អ្នកសារព័ត៌មាន បានមើលឃើញនឹងភ្នែកនូវប្រភេទគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋស្លូតត្រង់។
បន្ទាប់មក អ្នកសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកក៏បានចុះទៅផ្តិតយកទិដ្ឋភាពដ៏គួរ ឱ្យសោកសង្រែង គឺវត្តតាមាន់សែនជ័យ ដែលជាទីគោរពសក្ការៈបូជាពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ ខណៈឯប្រទេសថៃ ជាអ្នកបង្កវិនាសកម្មបំផ្លាញទីវត្តអារាម ក៏ជាប្រទេសគោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដូចកម្ពុជា។ ក៏ប៉ុន្តែ ហេតុអ្វីបានព្រៃផ្សៃប្រើប្រាស់អាវុធធុន ធ្ងន់វាយកម្ទេចវត្តអារាម រហូតធ្វើឱ្យលោកអាចារ្យម្នាក់ បានស្លាប់នៅក្នុងគំនរថ្មបាក់បែកដោយសារតែទម្ងន់គ្រាប់ទម្លាក់ពីលើសាលាឆាន់ទៅវិញ។ បន្ទាប់ពីនេះ អ្នកសារព័ត៌មានក៏បានចុះពិនិត្យមណ្ឌលសុខភាព តាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នរបស់ពលរដ្ឋនៅវត្តធម្មកំបោរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកម្ចាត់មីនកម្ពុជា(CMAC) បានធ្វើបទបង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រាប់បែកធុនធំកងទ័ពថៃ ដែលបានផ្លោងដាក់លំនៅឋានរបស់ប្រជាជនជូនដល់អ្នកសារព័ត៌មានមកពីតំបន់អាស៊ី និងផែនការសកម្មភាពបោសសម្អាត និងបន្សាបគ្រាប់បែកធុនធំដែលមានបង្កប់ដោយផ្សែងពុលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ក្រមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានលើទឹកដីខេត្តបន្ទាយមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។ ទន្ទឹមនេះ សកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ន្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ប៉ុន្តែ សកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ពោលគឺដោយសារប្រជាពលរដ្ឋជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះឡើយ។
ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងទៀតថា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ត្រូវបានកងទ័ពថៃ ចូលមករាយបន្លាលួស មិនឱ្យប្រជាពលរដ្ឋចូលផ្ទះសម្បែងវិញកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ បានចូលជាធរមាន, ខណៈភូមិជោគជ័យ គឺមានពលរដ្ឋចំនួន០៦គ្រួសារ និងមានមនុស្សចាស់ ស្ត្រី ពិការ និងកុមារ ចំនួន២២នាក់ បានរងគ្រោះអត់មានផ្ទះស្នាក់នៅ និងភ័យខ្លាច។
ដោយឡែកនៅភូមិព្រៃចាន់ ត្រូវបានកងទ័ពថៃ មកដេញប្រជាពលរដ្ឋខ្មែរទាំងកម្រោលឱ្យរត់ចេញពីផ្ទះ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យប្រជាពលរដ្ឋ០៦គ្រួសារ និងមានមនុស្សចាស់ ស្ត្រី ពិការ និងកុមារ ចំនួន៣៧នាក់ បានរងគ្រោះផ្ទាល់ បាត់បងដី ចម្ការ ផ្ទះសម្បែង។ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋ៦គ្រួសារបន្ថែមទៀត បាត់បង់ដីចម្ការ និងដីត្រៀមសាងសង់លំនៅឋានផងដែរ។
សកម្មភាពរបស់កងទ័ពថៃ បានបំពានយ៉ាងធ្ងន់ធ្ងរលើលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលជាការបញ្ជាក់បន្ថែមលើការគោរពបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរ។ ទង្វើរបស់កងទ័ពថៃ គឺបានដេញពលរដ្ឋខ្មែរ រស់នៅលើដែនអធិបតេយ្យភាពកម្ពុជា ដោយគឃ្លើន ជាពិសេសបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។
សូមជម្រាបថា ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នា រយៈពេល៥ថ្ងៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានប្រជាជនខ្មែរស្លូតត្រង់ជាង ៥ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជិត ២០ម៉ឺននាក់ ហើយពលរដ្ឋភៀសសឹកទាំងអស់កំពុងតែរស់នៅតាមជំរុំបណ្តោះអាសន្នដែលមានសុវត្ថិភាព កំពុងរស់នៅខេត្តបន្ទាយមានជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ខណៈជំរុំមានសុវត្ថិភាព ត្រូវបានអាជ្ញាធររៀបចំឡើងចំនួន ១៨៥ទីតាំងផងដែរ។ ចំពោះជនភៀសសឹកភាគច្រើនលើសលប់ គឺជាស្ត្រី ជនចាស់ជរា កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះផងដែរ៕






