លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកទៅចិន ដើម្បីចូលរួមព្យុហយាត្រាយោធាជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងព្រំដែនចូលក្នុងទឹកដីចិនហើយ នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការចុះចាញ់របស់ជប៉ុននៅក្នុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាជាទិវាជ័យជម្នះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមកាសែតកូរ៉េខាងជើង Rodong Sinmun លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ហើយបានឆ្លងព្រំដែនចូលទៅក្នុងទឹកដីចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅឯពិធីព្យុហយាត្រាយោធាដ៏សម្បើមមួយក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី៣ ខែកញ្ញា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំបរទេសដទៃទៀតរួមមានលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian។ នេះគឺជាលើកដំបូងបំផុតដែលលោក គីម ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយជាមួយមេដឹកនាំបរទេសដទៃ។
កាសែត Rodong Sinmun ក៏បានចេញផ្សាយផងដែរនូវរូបភាពរបស់លោក គីម អមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដូចជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដោយអង្គុយទាំងទឹកមុខញញឹមក្នុងទូររថភ្លើងនៃរថភ្លើងពាសដែករបស់លោក។
គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលអំពាវនាវ ឱ្យមានអភិបាលកិច្ចជាសកលដ៏យុត្តិធម៌ ជាមួយការបន្ថែមថាកិច្ចសហប្រតិបត្តិការវាងកូរ៉េខាងជើង និងចិន នឹងបន្តកើនឡើងជាលំដាប់៕



