បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់សារធាតុញៀន

(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបញ្ជូននេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៦ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពីរនាក់។
ជនសង្ស័យទាំង៤នាក់ រួមមាន៖ ឈ្មោះ ម៉ៅ បូរ៉ា អាយុ២១ឆ្នាំ, ឈ្មោះ ជ្រិញ សុខរ៉ា ហៅក្រៅ មីនា អាយុ១៧ឆ្នាំ, ឈ្មោះ ណេត ចាន់ណាន់ អាយុ១៨ឆ្នាំ និងឈ្មោះ អុល ចយ អាយុ៣៨ឆ្នាំ។ ជាមួយគ្នានេះ កម្លាំងអាវុធហត្ថក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ។
ក្រោយការសួរនាំ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរលួចកាត់ខ្សែភ្លើងយកទៅលក់ ដើម្បីទិញគ្រឿងញៀនយកមកប្រើប្រាស់ពិតប្រាកដមែន។
ករណីនេះត្រូវបានអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

You might also like