ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោង និងចុះផ្សព្វផ្សាយស្ដង់ដាសុវត្ថិភាពការងារសាងសង់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅតាមទីតាំងគម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ

នៅថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបតិ្តការនៃប្រទេសជប៉ុន(JICA) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងដែលសម្រេចបានប្រមាណ ៦១% និងចុះផ្សព្វផ្សាយស្ដង់ដាសុវត្ថិភាពការងារសាងសង់របស់ JICA នៅតាមទីតាំងអនុវត្តគម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ដំណើរចុះបេសកកម្មពិនិត្យវឌ្ឍនភាពការងារនាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តមទីប្រឹក្យា និងមន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម លោក HIGASHI Kenji ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកគ្រប់គ្រងសុវត្ថិភាពការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)មកពីទីក្រុងតូក្យូ លោកស្រី Akiko MIYASHITA អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំនៅកម្ពុជា តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើបន្ថែមដល់កុងស៊ុលតង់និងក្រុមហ៊ុនសាងសង់ឱ្យមានការប្រុងប្រយ័ត្ន និងបន្តយកចិត្តទុកដាក់លើសុវត្ថិភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលសាងសង់ឱ្យបានអតិបរមា តាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង និងបំពាក់ស្លាកសញ្ញាការដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រមទាំងបានស្នើដល់អាជ្ញាធរមូលដ្ឋានបន្តចូលរួមសហការជាមួយក្រុមហ៊ុនសាងសង់ផងដែរ។
សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

You might also like