ការស្វែងរកទាំងអស់សង្ឃឹមសម្រាប់អ្នកនៅមានជីវិតនៅអាហ្វហ្គានីស្ថាន ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង៨០០នាក់
ប្រជាជនអាហ្វហ្គានីស្ថានដែលអស់សង្ឃឹមបានជីកកកាយតាមគំនរថ្មបាក់បែកទាំងយប់ស្វែងរកមនុស្សជាទីស្រលាញ់ដែលបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ស្របពេលរដ្ឋាភិបាលតាលីបង់ បានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ថាមនុស្សជាង៨០០ នាក់បានស្លាប់ និងជាង២.៨០០នាក់ផ្សេងទៀតរងរបួស ជាមួយគ្នានោះ ក្រុមតាលីបង់ បានអំពាវនាវសុំជំនួយអន្តរជាតិ ហើយក្រុមអ្នកស្រុកនៅក្នុងភូមិដែលរងគ្រោះធ្ងន់ធ្ងរបំផុតបានអំពាវនាវសុំការគាំទ្រពីពិភពលោក។
ការរញ្ជួយដីកាលពីល្ងាចថ្ងៃអាទិត្យ បានវាយប្រហារទីក្រុងនានាក្នុងខេត្ត Kunar ជិតទីក្រុង Jalalabad ក្នុងខេត្ត Nangarhar ដែលនៅជិតខាងនោះ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ស្ថាប័នស្ទង់ភូគព្ភសាស្ត្រសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងក្លានេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៧នាទីយប់ ហើយស្ថិតនៅចំចំណុចកណ្តាលចម្ងាយ ២៧ គីឡូម៉ែត្រពីភាគខាងកើត ទីក្រុង Jalalabad ហើយមានជម្រៅត្រឹមតែ ៨ គីឡូម៉ែត្រប៉ុណ្ណោះ។
ការរញ្ជួយដីនេះ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មានរលករញ្ជួយជាច្រើនបានកើតឡើង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានផ្តល់ចំនួនអ្នកស្លាប់ និងរបួសចុងក្រោយនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ លោកបាននិយាយថាអ្នកស្លាប់និងរបួសភាគច្រើនគឺនៅក្នុងខេត្ត Kunar៕






