នគរបាលខេត្តបាត់ដំបង បង្រ្កាបគ្រឿងញៀនជាង៣គីឡូ ក្រាមឃាត់ខ្លួន ជនសង្ស័យ២នាក់
បាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥បានដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាលមានទម្ងន់ ៣០៣១,៣៧ក្រាម(ថ្នាំសុទ្ធ),ទូរស័ព្ទដៃចំនួន ០២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់ប្លាស្ទិកតូចៗពណ៌សមួយចំនួននិងម៉ូតូចំនួន០២គ្រឿង។ ពេលនេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕



