ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែង ។
ក្រោយពីស្តាប់របាយការណ៍របស់លោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែងរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ឯកឧត្តម បានយល់អំពីប្រវត្តិនិងគោលបំណង ទស្សនវិស័យ បេសកកម្ម សកម្មភាពចំបងៗ និងសមិទ្ធិផលការងារ ក៏ដូចជាទិសដៅការងាររបស់សមាគមនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពោរពេញដោយថាមពល និងប្រកបដោយឆន្ទៈមុតស្រួច ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះទស្សនវិស័យ និងបេសកកម្មរបស់សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយសម្រួលការលំបាកដល់សិស្ស និស្សិត ដែលជួបការខ្វះខ្វាតក្នុងការសិក្សា ការស្នាក់នៅ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអតីតនិស្សិត និស្សិត យុវជនជំនាន់មុន និងសិស្ស និស្សិតជំនាន់ ក្រោយ នៅតាមបណ្តាសាលានានា ជាពិសេសការជួយផ្សព្វផ្សាយ និងអប់រំដល់សិស្ស និស្សិត ពីគុណតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងគោលដៅជំរុញឧត្តមភាពសិក្សា សេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា សមាគមគួរបន្តជួយជំរុញការអភិវឌ្ឍវិស័យអប់រំ និងជំនាញវិជ្ជាជីវៈសម្រាប់សិស្ស និស្សិតកម្ពុជា ដើម្បីឲ្យមានជំនាញ និងចំណេះដឹងពិតប្រាកដក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ស្របតាមវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំប្រកបដោយថាមវន្តនៃ សមេ្តច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕