ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្ដិសុខទឹកកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ជាមួយក្រុមការងារធនាគារពិភពលោក
នាព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារគម្រោងកែលម្អសន្ដិសុខទឹកកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ជាមួយក្រុមការងារនៃធនាគារពិភពលោក ដឹកនាំដោយលោក ចាន់ វីរៈ ប្រធានក្រុមការងារនៃធនាគារពិភពលោក នៅទីស្នាក់ការធនាគារពិភពលោក។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានគោលបំណង ដើម្បីកំណត់ឱ្យបានច្បាស់លាស់លើប្រធានបទនៃការបណ្ដុះបណ្ដាល អ្នកដែលត្រូវចូលរួម និងវិធីសាស្ត្រ ឬបច្ចេកទេសក្នុងការបណ្ដុះបណ្ដាល ធ្វើយ៉ាងណាដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ចំគោលដៅ និងជាពិសេសមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន៤ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ ដែលរួមមាន ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) កិច្ចការលទ្ធកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុ ការត្រួតពិនិត្យនិងវាយតម្លៃ (M&E) និងការគាំពារបរិស្ថាននិងសង្គម៕