ជម្លោះកម្ពុជា-ថៃ ៖ អាវុធផ្លូវច្បាប់ដ៏កំពូលរបស់កម្ពុជា មិនមែនមានតែមួយទេ!

(ភ្នំពេញ)៖ កម្ពុជា បានប្រើប្រាស់ផ្លូវច្បាប់ជាច្រើនរបស់ខ្លួន ដើម្បីការការពារដែនអធិបតេយ្យជាតិកម្ពុជា។ ការចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលថា មិនប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការធ្វើជាឧបករណ៍ច្បាប់ក្នុងជម្លោះកម្ពុជានិង គឺជាការចោទប្រកាន់ដ៏ខុសឆ្គង។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយលើបញ្ហានេះ៖
ក្នុងពេលដែលស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងតែកើតមានភាពតានតឹងឡើងវិញ ជាពិសេសតាមបណ្តោយតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី មានសំណួរមួយតែងតែត្រូវបានគេបញ្ចេញជារឿយៗ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មិនយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ មកប្រើជាឧបករណ៍ផ្លូវច្បាប់ដើម្បីតវ៉ាថៃ? សំណួរនេះ បាននាំឱ្យមនុស្សខ្លះមានភាពស្រពិចស្រពិល ដោយគិតថា កម្ពុជាមិនអើពើនឹងឯកសារអន្តរជាតិដ៏សំខាន់នេះឡើយ។
ក្នុងនាមជាអ្នកកាសែតមួយរូប ខ្ញុំសូមវែកញែកលើការយល់ដឹងខ្លះៗ ជុំវិញបញ្ហានេះ ដើម្បីកុំឱ្យមានការចេះតែគិតថា មានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែមួយប៉ុណ្ណោះទេ ដែលអាចជាគន្លឹះដោះស្រាយលើបញ្ហាទំនាស់រវាងកម្ពុជានិងថៃបច្ចុប្បន្ន ជាពិសេសបញ្ហាព្រំដែន។
ជាការពិត រាជរដ្ឋាភិបាលកម្ពុជា មិនដែលមើលរំលងកិច្ចព្រមព្រៀងណាមួយឡើយ មិនថាជាកិច្ចព្រមព្រៀងក្រុងប៉ារីស ឬសន្ធិសញ្ញាអ្វីណាមួយឡើយ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជាបានបញ្ចូលចំណុចច្បាប់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ទៅក្នុងរដ្ឋធម្មនុញ្ញជាតិរបស់ខ្លួនរួចទៅហើយ ហើយតែងប្រើប្រាស់ច្បាប់ដ៏កំពូលរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិមិនដែលខកខានឡើយ។ ទោះជាយ៉ាងណា គេក៏គប្បីត្រូវយល់ដែរថា កិច្ចព្រមព្រៀងក្រុងប៉ារីស Paris Agreement មិនមែនជាឧបករណ៍ផ្លូវច្បាប់ផ្ទាល់សម្រាប់ប្រឈមមុខជាមួយការរំលោភបំពានព្រំដែននោះឡើយ។ កម្ពុជា មានឯកសារច្បាប់ ដ៏រឹងមាំជាច្រើនរបស់ខ្លួនស្ថិតក្នុងដៃ និងដែលជាឯកសារមានសុពលភាព និងទទួលស្គាល់ដោយអង្គការអន្តរជាតិ ថាជាឯកសារដ៏មានតម្លៃជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទៅទៀត។
* កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ តម្លៃនយោបាយ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ គឺជាឯកសារដែលបានបញ្ចប់សង្គ្រាមស៊ីវិល បើកផ្លូវឱ្យកម្ពុជាបង្កើតរដ្ឋធម្មនុញ្ញថ្មី និងរដ្ឋាភិបាលប្រជាធិបតេយ្យ។ វាបានធានាអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ប៉ុន្តែគ្មានប្រការណាដែលកំណត់ឱ្យប្រទេសជាហត្ថលេខី ចូលមកការពារកម្ពុជា ចំពោះការឈ្លានពានរបស់ប្រទេសជិតខាងឡើយ។ អ្វីដែលវាអាចផ្តល់បាន គ្រាន់តែជាមូលដ្ឋាននយោបាយសម្រាប់កម្ពុជា លើកឡើងក្នុងវេទិកាអន្តរជាតិ។ កិច្ចព្រមព្រៀងក្រុងប៉ារីស មានចំណុចសំខាន់ចំនួនបួន៖ គឺបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ការបង្កើតរដ្ឋធម្មនុញ្ញថ្មី, ការរៀបចំបោះឆ្នោត,សកលរៀបចំដោយអង្គការសហប្រជាជាតិ និងការធានាថាកម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ និងមានបូរណភាពទឹកដី។ នៅក្នុងចំណុចនេះ ពិតជាមិនមានប្រការណាមួយដែលបញ្ជាក់ដោយផ្ទាល់អំពីព្រំដែន ឬការកំណត់ព្រំដែនដោយជាក់លាក់ទេ។
* អាវុធផ្លូវច្បាប់ដ៏កំពូលរបស់កម្ពុជា
ដើម្បីតទល់តាមផ្លូវច្បាប់ជាមួយនឹងបរទេសឈ្លានពាន កម្ពុជាមានឯកសារផ្លូវច្បាប់របស់ខ្លួនជាច្រើន។ ក្រៅពីធាតុចូលនៃកិច្ចព្រមព្រៀងក្រុងប៉ារីស, កម្ពុជាក៏មានឯកសារច្បាប់សំខាន់ៗមួយចំនួន ទៀតដូចជា ផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ដែលបានកំណត់ព្រំដែនយ៉ាងច្បាស់ និងធ្លាប់បានប្រើប្រាស់តាមរយៈការបញ្ជាក់ក្នុងសេចក្តីសម្រេចតុលាការអន្តរជាតិ (ICJ) ឆ្នាំ១៩៦២និង២០១៣ រួចមកហើយ។ រួមជាមួយនេះ កម្ពុជាក៏មានអនុស្សរណៈឆ្នាំ២០០០ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីច្បាស់លាស់ក្នុងការទប់ស្កាត់ស្ថានភាពប្រយុទ្ធតាមព្រំដែន។ អនុស្សរណៈឆ្នាំ២០០០នេះ មានតម្លៃយ៉ាងខ្លាំងក្នុងច្បាប់ និងទំនាក់ទំនងអន្តរជាតិ ដោយវាបានបង្កើតឡើងនូវគណៈកម្មការព្រំដែនរួម (Joint Boundary Commission – JBC) ដែលជាវេទិកាផ្លូវការសម្រាប់ពិភាក្សា និងដោះស្រាយវិវាទ។
ឯកសារនៃអនុស្សរណៈនេះ ទទួលស្គាល់ថា ការកំណត់ព្រំដែនត្រូវផ្អែកលើផែនទីប្រវត្តិសាស្ត្រ និងកិច្ចព្រមព្រៀងអន្តរជាតិជាចម្បង គឺកិច្ចព្រមព្រៀងឆ្នាំ១៩០៤និង១៩០៧ រវាងប្រទេសសៀម (ថៃបច្ចុប្បន្ន) និងបារាំង (តំណាងឲ្យកម្ពុជា)។ ឯកសារច្បាប់របស់កម្ពុជានេះ ធ្លាប់បានក្លាយជាឧបករណ៍សំខាន់ និងត្រូវបន្តប្រើប្រាស់ទៅមុខថែមទៀត ដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងការដោះស្រាយវិវាទតាមផ្លូវសន្តិភាព។ កម្ពុជាធ្លាប់ប្រើប្រាស់ឯកសារនេះ ក្នុងករណីដោះស្រាយជម្លោះព្រំដែនជាមួយថៃ ទៅតុលាការ ICJ រវាងពីឆ្នាំ២០១១ដល់២០១៣ និងក៏ធ្លាប់បានទទួលជោគជ័យលើដំណោះស្រាយតាមផ្លូវច្បាប់ជាអន្តរជាតិនោះផងដែរ។
* កុំយល់ច្រឡំចំពោះការប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស

មនុស្សខ្លះ បានព្យាយាមនិយាយញុះញង់បង្កការយល់ច្រឡំថា កម្ពុជា មិនប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលពួកគេបាននិយាយចោទ ថារាជរដ្ឋាភិបាលមិនអើពើចំពោះជម្លោះព្រំដែន។ ការនិយាយចោទ និងមានទស្សនៈបែបនេះគឺជាការខុសស្រឡះ។ កិច្ចព្រមព្រៀងក្រុងប៉ារីស តាមពិតត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញជាតិរួចមកហើយ។ ហើយបើនិយាយអំពីតម្លៃរបស់វាទៅវិញ ក្នុងស្ថានភាពដែលកំពុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនេះគឺមិនអាចយកកិច្ចព្រមព្រៀងនោះមកប្រើជាឧបករណ៍ផ្លូវច្បាប់ផ្ទាល់ក្នុងការដោះស្រាយបានទេ ព្រោះវាមិនមានប្រការណាដែលនិយាយពាក់ព័ន្ធអំពីព្រំដែនឡើយ ហើយប្រសិនបើពិនិត្យជាក់ស្តែងថែមទៀតនោះ កិច្ចព្រមព្រៀងនេះ ក៏មិនមានប្រការណាដែលផ្តល់អំណាចផ្ទាល់ឲ្យកម្ពុជា អាចទាមទារឱ្យប្រទេសចុះហត្ថលេខា ចូលរួមរារាំងប្រឆាំងនឹងថៃឡើយ។
ហើយសំណួរសំខាន់មួយ ដែលត្រូវបានចោទសួរមកវិញនោះគឺថា នៅពេលដែលថៃហ៊ានប្រើយុទ្ធសាស្ត្រលួចកាត់យកដីបន្តិចម្តង «Salami Slicing» ដោយមិនញញើតច្បាប់អន្តរជាតិនោះ តើថៃ អាចមានការញញើតចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែរឬទេ? ហើយក្នុងស្ថានភាពពិភពលោក ដែលកំពុងប្រឈមនឹងវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចស្មុគស្មាញបច្ចុប្បន្ននេះ តើប្រទេសដែលជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងនោះ នៅតែមានការយកចិត្តទុកដាក់ចំពោះកម្ពុជា ដូចដែលបានសន្យាកាលពី៣៤ឆ្នាំមុនដែរឬទេ? ប្រសិនបើកម្ពុជា យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ទៅប្រើជាឧបករណ៍ផ្លូវច្បាប់ផ្ទាល់ណាមួយនៅក្នុងជម្លោះព្រំដែន វាក៏អាចជាការប្រើប្រាស់ខុសគោលដៅ ពីព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ មិនមានមាត្រាជាក់លាក់អំពីព្រំដែននោះទេ។
ក្នុងការសន្និដ្ឋានជារួម៖
រាជរដ្ឋាភិបាលកម្ពុជា មិនដែលបោះបង់ចោលឧបករណ៍ផ្លូវច្បាប់ណាមួយឡើយ ក្នុងការពារដែនអធិបតេយ្យជាតិកម្ពុជានាពេលបច្ចុប្បន្ន។ ដូច្នេះ គេមិនគួរឲ្យមានការប្រើពាក្យញុះញង់ ឬបង្កការបាក់ទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលកំពុងប្រើប្រាស់ឯកសារផ្លូវច្បាប់គ្រប់វិធីសាស្ត្រ ដើម្បីការពារទឹកដីជាតិឡើយ។ គេត្រូវតែមានការជឿជាក់ទៅលើ សមត្ថភាពដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងត្រូវយល់ដោយច្បាស់លាស់ ដែរថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ដែលត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញជាតិ ដ៏កំពូលរបស់ខ្លួនរួចទៅហើយនោះ តែងត្រូវបានគេប្រើប្រាស់មិនដែលខកខាន ក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ រាជរដ្ឋាភិបាល មិនមែនប្រើប្រាស់តែស្នៀតមួយមុខ ក្នុងការការពារអធិបតេយ្យជាតិឡើយ។ ឧបករណ៍ផ្លូវច្បាប់ដ៏សំខាន់របស់កម្ពុជា មានជាច្រើនណាស់ និងធ្លាប់មានប្រសិទ្ធភាពរួចមកហើយដូចជា ផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧, សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងឆ្នាំ១៩៦២និង២០១៣, និងអនុស្សរណៈឆ្នាំ២០០០ជាដើម។
ហេតុនេះហើយ ការចោទប្រកាន់ថា រដ្ឋាភិបាលមិនអើពើលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬមិនប្រើវាជាឧបករណ៍ច្បាប់ក្នុងជម្លោះព្រំដែន គឺជាការយល់ច្រឡំ និងខុសស្រឡះតែម្តង។ ពលរដ្ឋគួរតែមានជំនឿលើសមត្ថភាព និងការតស៊ូរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រើប្រាស់អាវុធផ្លូវច្បាប់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាព និងទឹកដីជាតិខ្មែរ៕

You might also like