គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨
ដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨” ជូនដល់សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការ គ.ជ.ប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានគូស បញ្ចាក់ថា គ.ជ.ប មានគោលនយោបាយលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីមានឱកាស ចូលរួមក្នុងកិច្ចការនយោបាយនិងការបោះឆ្នោត តាមរយៈការផ្ដល់នូវលក្ខខណ្ឌលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី មានពិការភាពដែលមានសមត្ថភាព និងកាយសម្បទាសមស្របក្នុងការដាក់ពាក្យចូលបម្រើការងារបោះឆ្នោត ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការរៀបចំទីតាំងការិយាល័យបោះឆ្នោតនៅកន្លែងដែលអ្នកបោះឆ្នោត អាចធ្វើដំណើរទៅមកបានដោយគ្មានឧបសគ្គ គ្មានការរំខាន និងបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។
ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់នៃផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះ ទើប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានផ្តល់កិត្តិយសធ្វើជា ប្រធានកិត្តិយសនៃក្រុមការងារសកម្មភាពជនពិការ គ.ជ.ប។ មិនត្រឹមតែប៉ុណ្ណោះមន្ត្រីរាជការ គ.ជ.ប ដែលជា ជនមានពិការភាពជាច្រើនត្រូវបាន គ.ជ.ប លើកទឹកចិត្តតាមគុណសម្បត្តិ និងសមត្ថភាព ដោយតែងតាំងឱ្យ កាន់មុខតំណែងគ្រប់គ្រង នៅតាមបណ្តានាយកដ្ឋាន និងអង្គភាពនានាក្នុងរចនាសម្ព័ន្ធអង្គការលេខរបស់ អគ្គលេខាធិការដ្ឋាន គ.ជ.ប តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
ឯកឧត្តមបានបញ្ជាក់ថា ទាំងអស់នេះ គឺជាសូចនាករបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងឆន្ទៈរបស់ គ.ជ.ប ក្នុងការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព សំដៅបង្កើនចំនួនជនមានពិការភាពកាន់តែច្រើននាក់ បានចូលរួមក្នុងសកម្មភាពការងារបោះឆ្នោត ជីវភាពនយោបាយ កិច្ចការសាធារណៈ និងបរិយាបន្នពិការភាព នៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប ដែលជាការរួមចំណែកលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងក្របខណ្ឌជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម សោម សូរីដា បានសម្ដែងនូវការអបអរសាទរ ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលសម្រេចបាននូវភាពជោគជ័យក្នុងការចូលរួមលើកកម្ពស់វិស័យ ពិការភាពនៅកម្ពុជា លើឆាកអន្តរជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានជាអាទិ៍ ជោគជ័យជាប្រវត្តិ- សាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការរៀបចំ កីឡាជាតិ លើកទី១៣ និងកីឡាជនមានពិការភាពលើកទី១ និងការរៀបចំសន្និសីទជនមានពិការភាពប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។ ជោគជ័យទាំងនេះបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ជាមួយនឹងអន្តរជាតិ ជាពិសេសឆ្លុះបញ្ចាំងអំពី សក្ដានុពល និងវឌ្ឍនភាពនៃវិស័យពិការភាពនៅកម្ពុជាមិនចាញ់បណ្តាប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិ ឡើយ។
សូមជម្រាបជូនថា អនុលោមតាមសេចក្ដីសម្រេចលេខ៥០១ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គ.ជ.ប បានបង្កើតក្រុមការងារសកម្មភាពជនពិការ គ.ជ.ប ដែលមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានកិត្តិយស ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង ជាប្រធាន និងមានអនុប្រធាន ១រូប ព្រមទាំងសមាជិក សមាជិកា ៨រូប ដែលជាមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះ អគ្គលេខាធិការដ្ឋាន គ.ជ.ប៕