អភិបាលខេត្តកណ្តាល ផ្ដាំផ្ញើដល់ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ក្នុងរដូវទឹកជំនន់ទន្លេមេគង្គ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស និងត្រូវថែរក្សាការពារចំពោះកុមារតូចៗ និងចាស់ជរា ដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ ចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ ដោយយថាហេតុ។
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ សាខាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ ក្នុងភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន នៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកោះប្រាក់ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល និងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាពន់ពេក។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះផងដែរ សម្តេច តែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅនៅគ្រប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះមេត្តាប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស និងត្រូវថែរក្សាការពារចំពោះកុមារតូចៗ និងចាស់ជរា ដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ ចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ដោយយថាហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យស្អាតបីប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។
អំណោយមនុស្សធម៌បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល និងមួយចំនួនទៀតប្រគេនជូនវត្តកោះប្រាក់ អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ និងបច្ច័យ ៤០០,០០០រៀល ៕