ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

នាថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ក្នុងខេត្តមណ្ឌលគិរី។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តមណ្ឌលគិរី បានជួបប្រទះគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួន ក្នុងនោះក៏មានការខូចខាតប្រព័ន្ធធារាសាស្រ្តចំនួន ៥ប្រព័ន្ធ ក្នុងឃុំចំនួន៦ នៃស្រុកកោះញែក ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយខេត្តមណ្ឌលគិរី ដើម្បីពិនិត្យរបាយការណ៍ផលប៉ះពាល់ និងបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដែលរងផលប៉ះពាល់ និងខូចខាត។

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយម បន្តយកចិត្តទុកដាក់ពិនិត្យ និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជាក់ស្តែង ដើម្បីមានលទ្ធភាពអាចសិក្សាស្វែងយល់ក្នុងការចាត់វិធានការទប់ស្កាត់បញ្ហាដែលអាចកើតមានក្នុងករណីចាំបាច់ណាមួយ ហើយត្រូវពិនិត្យលទ្ធភាពក្នុងការជួសជុលបឋមសម្រាប់ទីតាំងអាទិភាព ដែលរងការខូចខាត ដើម្បីបង្ការនូវបញ្ហាកាន់តែធ្ងន់ធ្ងរ៕

You might also like