បំណាក់ដី និងទឹកជំនន់ ស..ម្លាប់មនុស្សជាង ៦០នាក់ នៅប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ ៥ តុលា ថា បំណាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា ជិតខាង បានសម្លាប់មនុស្សជាង៦០ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រជែងនឹងពេលវេលាដើម្បីទៅដល់សហគមន៍ដែលត្រូវបានកាត់ផ្តាច់នៅតំបន់ភ្នំដាច់ស្រយាល។
ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារប្រទេសនេប៉ាល់ចាប់តាំងពីថ្ងៃសុក្រចុងសប្ដាហ៍មុនមក ដោយបានធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់ និងតំបន់ជាច្រើនក្នុងប្រទេសនៅតំបន់ភ្នំហិម៉ាឡៃមួយនេះ ត្រូវជន់លិច។
លោក Shanti Mahat អ្នកនាំពាក្យអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ប្រទេសនេប៉ាល់ បានប្រាប់សារព័ត៌មាន ថា មនុស្សយ៉ាងហោចណាស់៤៣ នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយបង្កឡើងដោយទឹកភ្លៀង និង ៥ នាក់កំពុងបាត់ខ្លួន។
មនុស្សយ៉ាងហោចណាស់ ៣៧ នាក់បានស្លាប់ដោយសារបំណាក់ដីនៅក្នុងស្រុក Illam ភាគខាងកើតដែលរងផលប៉ះពាល់ខ្លាំងបំផុត។មន្ត្រីស្រុក Sunita Nepal បាននិយាយថាភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បណ្តាលឱ្យមានបំណាក់ដី។
នៅទូទាំងព្រំដែនក្នុងប្រទេសឥណ្ឌា មនុស្សយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ក្នុងស្រុកតំបន់ភ្នំដាំតែនៃទីក្រុង Darjeeling ក្នុងរដ្ឋ West Bengal របស់ឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដីដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ៕