ក្រសួងសុខាភិបាល ច្រានចោលការលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុក មិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុក មិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន, តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបាន បដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។
ក្រសួងសុខាភិបាល សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខាភិបាលកម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ។
កន្លងមកមន្ត្រីបុគ្គលិក នៅគ្រប់មូលដ្ឋានសុខាភិបាល តែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។
ក្រសួងសុខាភិបាល បាននិងកំពុងផ្តោតសំខាន់ៗ ក្នុងការបម្រើសេវាសុខាភិបាល ឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខ ភាពនោះឡើយ៕