អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រកាសថ្កោលទោស ចំពោះទង្វើអមនុស្សធម៌ របស់ក្រុមជ្រុលនិយមថៃ ដែលប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសដោយស្ថានទម្ងន់ ចំពោះទង្វើអមនុស្សធម៌ របស់ជនអនាមិកជ្រុលនិយម នៅក្នុងប្រទេសថៃឡងដ៍ ប្រមាថមកលើមេដឹកនាំសន្តិភាពរបស់កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភាដែលបានប្រព្រឹត្តទង្វើអសីលធម៌ នៅតាមទីសាធារណៈ ដូចជាយករូបថតទៅធ្វើជាកម្រាលជើងដើរ ធ្វើជាផ្ទាំងបាណូសម្រាប់បាញ់ចាប់រង្វាន់ និងធ្វើជារូបទីងមោងនៅតាមទីប្រជុំជនជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​បានបញ្ជាក់ថា ទង្វើរបស់ក្រុមជ្រុលនិយមថៃទាំងនេះ គឺជាការបង្ហាញនូវការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឧត្តមភាព ឥស្សរជនកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុកសម្តេចជារដ្ឋបុរសដ៏មានគុណយ៉ាងធំធេងបំផុត។ សកម្មភាពនេះ មិនត្រឹមតែជាការប្រមាថដល់សម្តេចតេជោប៉ុណ្ណោះទេ ថែមទាំងជាការប្រមាថដល់ប្រជាជាតិ ខ្មែរទាំងមូល។

ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ជាប្រទេសជិតខាង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន ជាពិសេសជាព្រះរាជាណាចក្រ ដែលគោរពព្រះមហាក្សត្រ និងព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះ ការបំពានកិត្តិយសមេដឹកនាំនិងឧត្តមភាពឥស្សរជន គឺដូចជាការបន្ទាបបន្ថោកគុណតម្លៃនិងសេចក្តី ថ្លៃថ្នូរបស់ព្រះរាជាណាចក្រ និងសាសនារបស់ខ្លួនឯង។

ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា និងដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៃប្រទេសថៃឡង់ដ៍ ត្រូវស្វះស្វែងរកជនប្រព្រឹត្តកំហុសដើម្បី ផ្តន្ទាទោសតាមច្បាប់ជាធរមាន ជាគុណតម្លៃរួមនិងផលប្រយោជន៍នៃប្រជាជាតិអាស៊ាន ដែលមានគោរព ច្បាប់ មានសេចក្តីថ្លៃថ្នូរ និងមានអារិយធម៌ខ្ពង់ខ្ពស់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ សម្តេចតេជោ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក ប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់៕

You might also like