ឃើញប្អូនប្រុសលង់ទឹក បងប្រុសហក់ទៅជួយ លង់ទឹកស្លាប់ទាំង០២នាក់បងប្អូន នៅស្រះទឹកក្នុងវត្តព្រែកបង្កង

ខេត្តកណ្តាល ÷ ជាសោកនាដកម្មនៅក្នុងគ្រួសារដែលនឹកស្មានមិនដល់ ក្រោយឃើញប្អូនប្រុសលង់ទឹក បង ប្រុសក៏លោតចុះទៅជួយ តែត្រូវលង់ទឹកស្លាប់ទាំង០២ នាក់បងប្អូនទាំងក្មេងវ័យ។ ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៥ នៅចំណុច ស្រះទឹកក្នុងវត្តព្រែកបង្កង ស្ថិត នៅក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី ជុច វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ធបាលព្រែកតាកូវ បានប្រាប់ឱ្យដឹងថា កុមារារងគ្រោះមានចំនួន០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា÷ ទី០១- ឈ្មោះ ស៊្រិន ម៉េងលី អាយុ១១ឆ្នាំ (ជាបងប្រុស) និងទី០២- ឈ្មោះ ស៊្រិន សុខហេង អាយុ០៥ឆ្នាំ( ជាប្អូនប្រុស) ដែលកុមាររងគ្រោះទាំង០២នាក់ជាជនជាតិខ្មែរ និងជាសិស្សសាលា រស់នៅក្នុងបន្ទុកគ្រួសារ ដែលមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។
តាមការបំភ្លឺរបស់ឈ្មោះ លឹម ពៅ ភេទស្រី អាយុ៤៥ឆ្នាំត្រូវជាម្ដាយបង្កើតរបស់កុមាររងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ០៤និង៣០នាទីទាបភ្លឺ ថ្ងៃ កើតហេតុ ក្នុងជីវភាពលក់ដូរបន្តិចបន្តួចទ្រទ្រង់ជីវភាព ម្ដាយបានរៀបចំអីវ៉ាន់យកទៅលក់នៅមុខវត្តព្រែកបង្កងដូចសព្វដងដោយបានហៅ កូនប្រុសទាំង០២បឱ្យទៅជាមួយដើម្បីជួយរៀបចំអីវ៉ាន់ពេលព្រឹក ។ លុះនៅវេលាម៉ោងកើតហេតុ ពេលម្តាយកំពុងតែរវល់លក់ដូរ កុមារទាំងពីរនាក់ក៏បាននាំគ្នាទៅលេងទឹកស្រះក្នុងវត្តជាមួយបងប្អូនបានមួយសន្ទុះក្រោយមកក៏មានក្មេងមកប្រាប់ថា ÷ មីងៗ !! អា សុខហេង លង់ទឹកហើយ ! អា ម៉េងលី លោតទៅជួយឥឡូវវាលង់ទឹកទាំងពីរនាក់បាត់ហើយ អត់ឃើញវាងើបឡើងមកវិញទេ !! ភ្លាមនោះ ម្តាយនិងអ្នកជិតខាងក៏ បាននាំគ្នាចុះជួយរាវរកនៅក្នុងស្រះទឹកទើបប្រទះឃើញសពកុមាររងគ្រោះទាំង២នាក់ និងក៏ បានរាយការណ៍ជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុ និងកោសលវិច្ច័យ នៃអធិការដ្ធាននគរបាលក្រុងអរិយក្សត្រ ទាំងលោកគ្រូពេទ្យ ក្រោយពិនិត្យវិភាករួចបានសន្និដ្ធានថា កុមាររងគ្រោះទាំង០២នាក់ ពឹតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like