អភិបាលខេត្តបន្ទាយមានជ័យ ៖ ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺជាទីតាំងដែលពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៅកាន់អភិបាលខេត្តស្រះកែវថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។ នេះបើយោងតាមលិខិតរបស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើជូនឯកឧត្ដមអភិបាលខេត្តស្រះកែវ ប្រទេសថៃ ចុះផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។
បន្ថែមលើនេះ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និង ដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហា ព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរមិនមាន សមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាម MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC។ ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
អភិបាលបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យឯកឧត្តមអភិបាលខេត្ត សូមអត់ធ្មត់ និងរង់ចាំ ការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើ ការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូមឯកឧត្តមអភិបាលខេត្ត មេត្ត ចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹង និង ផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

You might also like