ព្យុះទីហ្វុង Halong បោកបក់នៅជិតប្រជុំកោះ Izu ប្រទេសជប៉ុនដោយបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង

មន្ត្រីឧតុនិយមរបស់ប្រទេសជប៉ុន បានចេញការព្រមានអំពីអាកាសធាតុមិនអំណោយផលខ្លាំងរបស់ខ្លួនសម្រាប់ផ្នែកមួយចំនួននៅប្រជុំកោះ Izu ដោយមានការព្រមានបន្ទាន់អំពីភ្លៀងធ្លាក់ខ្លាំង។ អ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់ ត្រូវបានណែនាំអោយប្រុងប្រយ័ត្នជាមុនដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ ខណៈព្យុះទីហ្វុង Halong បោកបក់ទៅភាគខាងកើត។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន ក៏បានចេញការព្រមានប្រកាសអាសន្នសម្រាប់ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗនៅសមុទ្រក្នុងទីក្រុង Hachijo និងភូមិចំនួន៦ផ្សេងទៀត។ ទីភ្នាក់ងារនេះ បាននិយាយថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្រុងស្រុក) ព្យុះទីហ្វុងបានស្ថិតនៅលើផ្ទៃទឹកក្បែរកោះ Hachijojima ដោយបោកបក់ក្នុងល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានគេព្យាករនឹងបោកបក់ទៅភាគខាងកើត។ ខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅប្រជុំកោះ Izu ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់នេះ។
តំបន់នេះអាចមើលឃើញខ្យល់បក់រហូតដល់១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានសន្ទុះខ្យល់បក់ខ្លាំង ដែលគ្រប់គ្រាន់ដើម្បីបំផ្លាញអគារ។ ពពកភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើង ហើយហានិភ័យនៃគ្រោះមហន្តរាយត្រូវបានគេរំពឹងថានឹងកើនឡើង។ ប្រជុំកោះនេះ ត្រូវបានគេរំពឹងថានឹងទទួលទឹកភ្លៀងរហូតដល់១៨០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសុក្រ។

You might also like