ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះដើម្បីដោះស្រាយនូវការកកស្ទះបរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីផងដែរ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញ យើងបាននឹងកំពុងធ្វើការស្ដារ លូ ប្រឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយ ពេលនេះយើងដោះស្រាយបានមួយកំរិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បាន ក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ធ្វើឱ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។ ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងបញ្ហាការប្រមូលសំរាមនៅរាជធានីភ្នំពេញបានល្អហើយមិនកកស្ទះទៀតទេ។ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សា ឡើងវិញហើយរកមូលហេតុ ជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញ រក្សាតម្លៃសំរាមដដែលមិនមានគម្រោងនៃការតម្លើងថ្លៃនោះទេ។ កន្លងមក្រុមហ៊ុនស៊ិនទ្រីកំណត់តម្លៃសំរាមខុសឆ្គងដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ១ខែ។ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញធ្វើម៉េចឱ្យសមរម្យដើម្បីជំរុញឱ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែកញ្ញាកន្លងមក ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។ក្នុងនោះរដ្ឋបាលរាជធានីក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងសាធារណៈបានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង ៕

You might also like