កម្ពុជា ប្រាប់ UN ៖ ពីមុន មិនដែលមានលិខិតតុបករណ៍ច្បាប់គ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនដែលត្រូវបានមិនអើពើដូចបច្ចុប្បន្ន

ឯកអគ្គរាជទូត អ៊ុន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៧៦ នៃគណៈកម្មាធិការប្រតិបត្តិ នៃឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថា ក្រោយការបង្កើត UNHCR ជាង ៧៥ឆ្នាំមកនេះ ពិភពលោកឈានដល់ចំណុចរបត់មួយ។ ពីមុនមក មិនដែលមានលិខិតតុបករណ៍ច្បាប់គ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែក៏មិនដែលត្រូវបានគេមិនអើពើដូចបច្ចុប្បន្ននេះដែរ។ រចនាសម្ព័ន្ធដែលត្រូវបានកសាងឡើងដោយសាមគ្គីភាព កំពុងច្របូក ច្របល់ដោយសារទម្ងន់ឯកតោនិយម ក្តីមេត្តាដោយរើសអើង និងភាពងាយស្រួលនយោបាយ។
ឯកអគ្គរាជទូត អ៊ុន តារា បានបញ្ជាក់ថា នេះមិនមែនជាការបរាជ័យនៃស្ថាប័ននោះទេ ប៉ុន្តែជាបរាជ័យផ្នែកស្មារតី ដោយសារការសឹក រិចរិលនៃគោលការណ៍ច្បាប់មនុស្សជាតិ (jus humanitatis) ដែលជាច្បាប់មានអត្ថិភាពគតិ យុត្តលើបណ្តារដ្ឋ តាមរយៈមនសិការ ក៏ដូចជាតាមការព្រមព្រៀងគ្នា។ នៅពេលដែលអធិបតេយ្យ ភាពត្រូវបានទាមទារដោយគ្មានការទទួលខុសត្រូវ ហើយច្បាប់ត្រូវបានប្រើប្រាស់ដើម្បីបម្រើអំណាច ពេលនោះពហុនិយមបាត់បង់ត្រីវិស័យសីលធម៌របស់ខ្លួន។
ឯកអគ្គរាជទូត អ៊ុន តារា លើកឡើងបន្តថា ការលើកឡើងបែបនេះរបស់កម្ពុជា មិនមែនក្នុងនាមជាអ្នកសង្កេតការណ៍ពីចម្ងាយនោះទេ ប៉ុន្ត ជាប្រទេសដែលធ្លាប់បានជួបប្រទះនូវការជម្លៀសចេញ វិបត្តិជម្លោះរាំរៃ និងដំណាក់ស្ដារឡើងវិញ តាមរយៈច្បាប់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ យើងយល់ឃើញថា សន្តិភាពមិនមែនត្រឹម តែការបញ្ឈប់នៃការផ្ទុះអាវុធនោះទេ ប៉ុន្តែតម្រូវឱ្យមានយុត្តិធម៌ ដែលជាការស្តារឡើងវិញនូវសេច ក្តីថ្លៃថ្នូរ តាមរយៈការអត់ធ្មត់ និងក្តីមេត្តា។

You might also like