លោក Trump និយាយថា លោកនឹងទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃអាទិត្យ ក្រោយកិច្ចព្រមព្រៀងចំណាប់ខ្មាំងអ៊ីស្រាអែល និងក្រុមហាម៉ាស
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៩ តុលា ថា លោកគ្រោងនឹងចាកចេញទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្កាហ្សា។
អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំនៅហ្កាហ្សា ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាច្របូកច្របល់។
លោក Trump បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់តំបន់នេះ ដែលអាចទៅចូលរួមពិធីចុះហត្ថលេខានៅប្រទេសអេហ្ស៊ីប ហើយប្រធានសភាអ៊ីស្រាអែល លោក Amir Ohana បានអញ្ជើញរូបលោកឱ្យថ្លែងទៅកាន់សភា ដែលនេះជាសុន្ទរកថាលើកដំបូងរបស់ប្រធានាធិបតីអាមេរិករូបនេះ ចាប់តាំងពីឆ្នាំ២០០៨មក។ លោក Trump បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនឹងនាំទៅរក សន្តិភាពជារៀងរហូត នៅក្នុងតំបន់ហ្កាហ្សា។
ការិយាល័យមេដឹកនាំអ៊ីស្រាអែលបាននិយាយថា បេសកជនពិសេសពីររូបរបស់លោក Trump គឺលោក Steve Witkoff និងលោក Jared Kushner បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ ក្រោយមកអ្នកទាំងពីរ បានជួបនាយករដ្ឋមន្រ្តី Benjamin Netanyahu ៕