លោក Putin ជំរុញឱ្យបណ្ដារដ្ឋអាស៊ីកណ្តាល បង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin ) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យមេដឹកនាំនៃបណ្ដារដ្ឋអាស៊ីកណ្តាលចំនួនប្រាំ ជំរុញពាណិជ្ជកម្មរបស់ពួកគេជាមួយរុស្ស៊ី ខណៈទីក្រុងមូស្គូ ស្វែងរកការកសាងឡើងវិញនូវឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មួយដែលត្រូវបានប្រទេសចិនស្វែងរកការពង្រឹងទំនាក់ទំនងផងដែរនោះ។
លោក Putin បាននិយាយថា ចំណូលពាណិជ្ជកម្មសរុបរបស់រុស្ស៊ីកាលពីឆ្នាំមុនជាមួយកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស្ថាន តូមិននីស្ថាន និងតាជីគីស្ថាន មានចំនួនជាង៤៥ ពាន់លានដុល្លារ ដែលជា លទ្ធផលល្អ ។
លោកបានប្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុង ឌូស្ហាន់បេ (Dushanbe) រដ្ឋធានីនៃប្រទេសតាជីគីស្ថានថា ដូច្នេះមានសក្តានុពលល្អសម្រាប់កំណើន។
លោកថា ទំហំពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីកណ្តាលកើនឡើង ៤% ក្នុងឆ្នាំ ២០២៥នេះ ។
លោកPutin កាលពីថ្ងៃព្រហស្បតិ៍បានចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ីកណ្តាលលើកទីពីរនៅរដ្ឋធានី របស់ប្រទេសតាជីគីស្ថាន ជាទីដែលក្រុមមេដឹកនាំបានយល់ព្រមពង្រឹងសមាហរណកម្មសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការសម្របសម្រួលលើសន្តិសុខក្នុងតំបន់។
រដ្ឋអាស៊ីកណ្តាលទាំងប្រាំត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូរហូតដល់ឆ្នាំ ១៩៩១ ជាផ្នែកនៃសហភាពសូវៀត ហើយរុស្ស៊ីនៅតែចាត់ទុកតំបន់នេះថាជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន៕

You might also like