ពលរដ្ឋថៃភ័យខ្លួន ព្រោះយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ កៀកៗព្រំដែន
ស្នូរគ្រាប់បែកធ្លាក់លាន់ស្នូរដូចរន្ទះពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ា រស់នៅពោរពេញដោយភាពភិតភ័យ ហើយកាលពីថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥ យន្តហោះចម្បាំងរបស់របបលោក មីន អ៊ុងឡាំង បានបង្កើនប្រតិបត្តិការដែនអាកាស ដោយលើកនេះវាយប្រហារយ៉ាងសន្ធាប់កៀកច្រកព្រំដែននៃស្រុក Muang ក្នុងខេត្ត Kanchanaburi ប្រទេសថៃមែនទែន។
តាមការផ្សាយរបស់ Bangkok Post, យន្តហោះធុន Y-12 ចំនួន២គ្រឿង បានទម្លាក់គ្រាប់បែកប្រមាណ៣០គ្រាប់លើសហគមន៍ Ban Ticki ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយមិនដល់២គីឡូម៉ែត្រផង ពីច្រកព្រំដែនក្នុងភូមិ Ban Kao នៃប្រទេសថៃ។
មិនយូរប៉ុន្មានក្រោយមក យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ធុន K-8 មួយគ្រឿងទៀត បានទម្លាក់គ្រាប់បែកដ៏ធំចំនួន២គ្រាប់បន្ថែម បូករួមជាមួយការបាញ់កាំភ្លើងយន្តលើដីគោកផងដែរ ជាមួយនឹងក្រុមឧទ្ទាមការ៉ែន។
ដោយសារតែស្ថានការណ៍ដ៏តានតឹងនិងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកបែបនេះហើយ ទើបធ្វើឲ្យពលរដ្ឋថៃ ភ័យខ្លួនខ្លាចគ្រាប់ធ្លាយចូលដីរបស់ខ្លួន ខណៈអាជ្ញាធរក៏ព្រមានដែរថា ពលរដ្ឋត្រូវត្រៀមខ្លួនជម្លៀសក្នុងករណីចាំបាច់។ ទន្ទឹមនោះ កងទ័ពថៃ ក៏កំពុងតាមដានស្ថានការណ៍ផងដែរ៕
ប្រភព៖ Bangkok Post